វៀតណាម ៖ ការនាំចេញនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ លើវិស័យបន្លែនិងផ្លែឈើរបស់វៀតណាម មានទស្សនវិស័យភ្លឺស្វាងជាងគេ ដោយគ្រោងរកបានប្រាក់ចំណូលពីការនាំចេញចំនួន ៤ ពាន់លានដុល្លារនៅឆ្នាំនេះ។
ប្រទេសវៀតណាមបាននាំចេញបន្លែនិងផ្លែឈើតម្លៃជិត១ពាន់លានដុល្លារក្នុងត្រីមាសទី១ គឺកើនឡើង ៨ ភាគរយធៀបនឹងឆ្នាំមុន ដោយទីផ្សារចិនបានកត់ត្រាកំណើន ២៣ ភាគរយដ៏គួរឱ្យចាប់អារម្មណ៍។
លោក ដាង ភុក ង្វៀន (Dang Phuc Nguyen) អគ្គលេខាធិការនៃសមាគមផ្លែឈើវៀតណាម (Vinafruit) បានចាត់ទុកលទ្ធផលនេះគឺបានមកពីការចុះហត្ថលេខាលើពិធីសារស្តីពីការនាំចេញទុរេន ដំឡូងជ្វា និង ចេកទៅកាន់ប្រទេសចិនតាមរយៈបណ្តាញផ្លូវការ។
ចំពោះការនាំចេញផ្លែក្រូចថ្លុង ទៅកាន់សហរដ្ឋអាមេរិកនិងផ្លែផាសិន ទៅកាន់ប្រទេសនូវែលសេឡង់ ក៏ជាកត្តាជំរុញសម្រាប់កំណើនចំណូលទាំងមូលនៃវិស័យនេះដែរ។
ផ្លែទុរេន គឺជាកក្តារួមចំណែកដ៏ធំដល់លទ្ធផលនាំចេញដ៏គួរឱ្យចាប់អារម្មណ៍ក្នុងខែដំបូងៗនៃឆ្នាំនេះ។ លោកង្វៀនបាននិយាយថា ចំណូលនៃការនាំចេញផ្លែទុរេនត្រូវគេរំពឹងថានឹងកើនឡើងដល់ ១ ពាន់លានដុល្លារ ដែលជួយឱ្យតួលេខសរុបនៃវិស័យនេះកើនឡើងដល់ ៤ ពាន់លានដុល្លារនៅឆ្នាំនេះ គឺកើនឡើង ២០ ភាគរយធៀបឆ្នាំមុន។
ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ជាកម្លាំងចលករដ៏សំខាន់ផងដែរ ដែលជួយឱ្យការនាំចេញផ្លែឈើនិងបន្លែមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងខែដំបូងៗ និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញនៃវិស័យនេះពេញមួយឆ្នាំ។
ចំណែកតម្រូវការដ៏ល្អសម្រាប់ការនាំចូលផ្លែឈើនៅក្នុងប្រទេសចិនអាចជួយបង្កើនការនាំចេញផ្លែឈើនិងបន្លែសរុបនៅក្នុងឆមាសទី២ ចំនួន ១០ ភាគរយឬខ្ពស់ជាងនេះ ដោយព្យាករណ៍ថាប្រាក់ចំណូលអាចកើនដល់ប្រហែល ២ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣៕(ប្រែសម្រួលដោយ លោកសំណាង)