បរទេស ៖ មេបញ្ជាការកងទ័ពរបស់រុស្ស៊ី២នាក់បានបាត់បង់ជីវិតកាលពីថ្ងៃអាទិត្យទី១៤ឧសភា ឆ្នាំ២០២៣ ចំពេលមានការប្រយុទ្ធគ្នាដ៏ជូរចត់នៅភាគខាងកើតអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា លោកមេបញ្ជាការ វីយ៉ាឆេស្លាវ ម៉ាការ៉ូវ (Vyacheslav Makarov) នៃកងពលតូចកាំភ្លើងធំទី៤ និងលោកមេបញ្ជាការរង យេវជេនី ប្រូវកូ (Yevgeny Brovko) មកពីអង្គភាពដាច់ដោយឡែក ត្រូវបានបាត់បង់ជីវិត ក្នុងពេលព្យាយាមវាយបណ្តេញអ៊ុយក្រែន។
នៅសមរភូមិបាឃ្មុត បានអូសបន្លាយការវាយប្រយុទ្ធគ្នា រយៈពេលមួយឆ្នាំហើយ ខណៈទាហានអ៊ុយក្រែននិងរុស្ស៊ីថែមទាំងត្រូវប្រយុទ្ធដៃទល់ដៃទៀតផង។
ក្រសួងការពារជាតិនិយាយថា លោកម៉ាការ៉ូវបានដឹកនាំកងទ័ពពីសមរភូមិជួរមុខ ខណៈលោកប្រូវកូ បានបាត់បង់ជីវិតដោយវីរភាព ក្រោយរងអំបែងគ្រាប់សុសសាច់។
ក្រសួងការពារជាតិរុស្ស៊ីកម្រនឹងប្រកាសអំពីការស្លាប់របស់បញ្ជាការយោធានៅក្នុងព័ត៌មានសង្ខេបប្រចាំថ្ងៃរបស់ខ្លួនណាស់ ចាប់តាំងពីមន្ត្រីជាន់ខ្ពស់មួយចំនួនត្រូវបានបាត់បង់ជីវិត នៅដើមខែដំបូងៗនៃជម្លោះ។
ករណីខាងលើនេះបានកើតឡើង ខណៈដុំភ្លើងដ៏ធំសម្បើមនិងពពកផ្សែងបានផ្ទុះឡើងលើទីក្រុងអ៊ុយក្រែនមួយបន្ទាប់ពីការវាយប្រហារលើឃ្លាំងគ្រាប់។
ចំណែករុស្ស៊ីបានបញ្ជូនដ្រូនចំនួន ២១ គ្រឿង ជាផ្នែកមួយនៃការវាយលុក ហើយខណៈដ្រូន ១៧ គ្រឿងត្រូវបានបាញ់ទម្លាក់ ដ្រូន៤ទៀតអាចបាញ់ត្រូវគោលដៅក្នុងទីក្រុងខ្មេលនីតស្គី (Khmelnytskyi) ភាគខាងលិច។
លោក វ្ល៉ាឌីមៀ ពូទីន ហាក់កំពុងផ្តោតគោលដៅលើឃ្លាំងមីស៊ីលរបស់អ៊ុយក្រែន ខណៈគាត់កំពុងត្រៀមខ្លួនសម្រាប់ការវាយបករបស់រដ្ឋាភិបាលក្រុងគៀវ។
បន្ទាប់ពីការបំផ្ទុះនៅទីក្រុងខ្មេលនីតស្គី ក្រុមមន្ត្រីបាននិយាយថា មនុស្សជិត ៣០ នាក់បានរងរបួស តែជារឿងអព្ភូតហេតុ មានតែ២នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ៕(ប្រែសម្រួលដោយ លោកសំណាង)