បរទេស ៖ ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបបណ្តាលឱ្យមេបញ្ជាការសកម្មប្រយុទ្ធពីរនាក់បានបាត់បង់ជីវិត កាលពីថ្ងៃព្រហស្បតិ៍ទី១១ឧសភាឆ្នាំ២០២៣ ខណៈបុរសអ៊ីស្រាអែល អាយុ ៧០ ឆ្នាំម្នាក់ត្រូវបានសស្លាប់ ដោយការបាញ់រ៉ុក្កែតរបស់ប៉ាឡេស្ទីន ចំពេលមានរលកនៃការប្រយុទ្ធគ្នាជាថ្មី។ ការបង្ហូរឈាមជាបន្ត ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីន បាត់បង់ជីវិត ៣០ នាក់ បានកើតឡើង ទោះបីអេហ្ស៊ីបខិតខំសម្របសម្រួលបទឈប់បាញ់ក្តី។
ចំពោះការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាក្នុងរយៈពេលជាច្រើនខែមកនេះ ក្នុងនោះជនស៊ីវិលយ៉ាងហោចណាស់ ១០ នាក់បានបាត់បង់ជីវិត ដែលភាគច្រើនជាស្ត្រីនិងកុមារ ហើយការវាយប្រហារគ្នានេះ ដែលឥឡូវឈានដល់ថ្ងៃទីបួន បានកើតឡើងនៅគ្រាដែលមានភាពតានតឹងខ្លាំងឡើងនិងមានអំពើហិង្សាកើនឡើងក្នុងពេញមួយឆ្នាំកន្លងទៅនៅតំបន់កាន់កាប់វេសប៊ែង។
ចំណែកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់ស្រោចគ្រាប់រ៉ុក្កែតឥតឈប់ឈរចូលទៅក្នុងទឹកដីអ៊ីស្រាអែលពេញមួយថ្ងៃ។ សេវាសង្គ្រោះ MADA បាននិយាយថា គ្រាប់រ៉ុក្កែតមួយបានធ្លាក់ចំប្លុកផ្ទះល្វែងមួយនៅទីក្រុងរីហូវ៉ូត(Rehovot) ភាគកណ្តាលប្រទេសអ៊ីស្រាអែល ដោយសម្លាប់បុរសអាយុ ៧០ ឆ្នាំម្នាក់។ MADA បាននិយាយថា «មានមនុស្សបួននាក់ផ្សេងទៀតបានរងរបួសមធ្យម»។
នៅព្រឹកថ្ងៃព្រហស្បតិ៍ យោធាអ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាម ហើយបាននិយាយថា «មេបញ្ជាការជាន់ខ្ពស់ម្នាក់ ដែលទទួលបន្ទុកផ្នែកបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមនេះ គឺលោកអាលី ហ្គាលី (Ali Ghali) បានបាត់បង់ជីវិត នៅពេលដែលផ្ទះល្វែងរបស់គាត់ត្រូវបានវាយប្រហារ។
នៅល្ងាចថ្ងៃដដែល អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់មេបញ្ជាការក្រុមជីហាដអ៊ីស្លាមម្នាក់ទៀត ដែលមានបំណងជំនួសលោកហ្គាលីនៅភាគខាងត្បូងហ្គាហ្សា។ ក្រុមជីហាដអ៊ីស្លាមបានបញ្ជាក់ថា បុរសឈ្មោះ អាម៉េដ អាប៊ូ ដាកកា (Ahmed Abu Daqqa) ជាមេបញ្ជាការម្នាក់របស់ខ្លួន៕(ប្រែសម្រួលដោយ លោកសំណាង)