បរទេស ៖ មានករណីបុរសកាណាដា មានដើមកំណើតវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីក្រុងហូជីមិញពីបទ«ជួញដូរគ្រឿងញៀនរាប់រយគីឡូក្រាម បន្ទាប់ពីចាញ់ល្បែងនៅកម្ពុជា»។
ប៉ូលិសក្រុងហូជីមិញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១១ឧសភាឆ្នាំ២០២៣ថា «ពួកគេបានចាប់ខ្លួនឈ្មោះ ជូ បា ជុង(Chu Ba Chung) អាយុ៣៩ឆ្នាំពី«បទជួញដូរគ្រឿងញៀនរាប់រយគីឡូក្រាមពីប្រទេសកម្ពុជាទៅវៀតណាម»។
មានមនុស្ស៥នាក់ផ្សេងទៀត រួមទាំង ជុង ង៉ុក ម៉ៃ (Truong Ngoc Mai) អាយុ ២៦ ឆ្នាំ និង ង្វៀន វូ ខៃ ហ័ង(Nguyen Vu Khai Hoang) អាយុ ២៨ ឆ្នាំ ក៏ត្រូវបានចាប់ខ្លួនផងដែរ ជាផ្នែកមួយនៃបណ្តាញជួញដូរគ្រឿងញៀនរបស់ជុង។
ប៉ូលិសបាននិយាយថា អ្នកស៊ើបអង្កេតនិងមន្ត្រីប៉ូលិសរាប់រយនាក់បានចំណាយពេលរាប់ខែដើម្បីបង្ក្រាបក្រុមជួញដូរគ្រឿងញៀននេះ។ នៅខែកញ្ញា ឆ្នាំ២០២២ ប៉ូលិសបានចាប់ម៉ៃ នៅសង្កាត់លេខ ៥ ខណៈរូបគេកំពុងចែកចាយថ្នាំញៀននៅផ្លូវសូង៉ុកថាញ់ (Do Ngoc Thanh)។ ចំណែកថ្នាំញៀនចំនួន១២គីឡូក្រាម ត្រូវបានរឹបអូសក្នុងពេលកើតហេតុ ហើយថ្នាំញៀនចំនួន៦៣,៥គីឡូក្រាមផ្សេងទៀតត្រូវបានរកឃើញក្នុងអំឡុងពេលឆ្មក់ចូលផ្ទះរបស់ម៉ៃក្នុងសង្កាត់លេខ៤។
ចំពោះការឆ្មក់ចូលផ្ទះមួយចំនួនទៀតក្នុងទីក្រុងបន្ទាប់មកបាននាំឱ្យមានការចាប់ខ្លួនមនុស្សជាច្រើននាក់ទៀត។ ក្រោយមក ការចុះបង្រ្កាបគឺរឹបអូសបានគ្រឿងញៀនសរុប៨៥គីឡូក្រាមទៀត ហើយជុង បានព្យាយាមលាក់ខ្លួននៅខេត្តញ៉ាត្រាងភាគកណ្តាលប្រទេសវៀតណាម ប៉ុន្តែនៅទីបំផុតត្រូវបានអាជ្ញាធរចាប់ខ្លួន។
ជនសង្ស័យបានសារភាពថា រឿងរ៉ាវនេះបានកើតឡើងនៅពេលរូបគេចាញ់ល្បែងស៊ីសងដ៏ធំនៅកម្ពុជាក្នុងឆ្នាំ ២០១៩។ រូបគេមិនអាចស្រង់ដើមបានទេ ដូច្នេះហើយទើបបានជំពាក់បំណុលបុរសម្នាក់ ដែលអត្តសញ្ញាណរបស់គេមិនត្រូវបានផ្ទៀងផ្ទាត់ទេ។
យោងតាមសមត្ថកិច្ចស៊ើបអង្កេតបានឱ្យដឹងថា ដើម្បីសងបំណុល ជុង បានងាកទៅជួញដូរគ្រឿងញៀនឱ្យទៅអតិថិជននៅទីក្រុងហូជីមិញ ដោយរកបានពី ១០០ ទៅ ២០០ ដុល្លារក្នុងមួយមួយជើង។ ចាប់ពីឆ្នាំ ២០២០ ជុងបានទទួលថ្នាំញៀនពីបុរសម្នាក់ក្នុងប្រទេសកម្ពុជាពី ៥ ទៅ ៣០ គីឡូក្រាមសម្រាប់រាល់ការជួញដូរម្តងៗ ដែលរូបគេបានធ្វើដើម្បីបញ្ជូនថ្នាំទៅកាន់ទីតាំងជាក់លាក់ក្នុងទីក្រុងហូជីមិញ។ ដើម្បីពង្រីកប្រតិបត្តិការ ជុងបានជួលម៉ៃដើម្បីជួញដូរគ្រឿងញៀនផងដែរ។ ពេលនោះ ហ័ងក៏ចូលរួមពាក់ព័ន្ធដែរដោយសារជំពាក់បំណុលគេ។
ចំណែកហ័ងនិយាយថា ខ្លួនបានខ្ចីប្រាក់ចំនួន ៤០០ លានដុង (១៧.០៤៥ ដុល្លារ) ពីបុរសឈ្មោះ ថាច់ ដែលអត្តសញ្ញាណពិតមិនទាន់ត្រូវបានបញ្ជាក់ កាលពីខែមីនាឆ្នាំមុន។ ដោយមិនអាចសងបំណុលដែលមានការប្រាក់ខ្ពស់បាន ហ័ងបានយល់ព្រមធ្វើដំណើរទៅកាន់តំបន់ក្បែរព្រំដែនដើម្បីទទួលថ្នាំញៀន មុននឹងនាំថ្នាំទៅទីក្រុងហូជីមិញសម្រាប់ជុងនិងម៉ៃ។
ប៉ូលិសបាននិយាយថា ហ័ងទទួលបានកម្រៃពី ១០០ ទៅ ២០០ លានដុងសម្រាប់ការចែកចាយក្នុងមួយជើង។ ឯការស៊ើបអង្កេតបន្ថែមលើករណីនេះកំពុងបន្ត៕(ប្រែសម្រួលដោយ លោកសំណាង)