ប្រមុខអ.ស.ប.ជំរុញភាគីទាំងអស់ធ្វើការអត់ធ្មត់ខ្ពស់ ជុំវិញការស្លាប់ជនស៊ីវិលក្នុងតំបន់ហ្គាហ្សា

បរទេស ៖ លោក អង់តូនីញ៉ូ គូថេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) បានថ្កោលទោសការស្លាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាថា ដែលមិនអាចទទួលយកបាន ហើយបានអំពាវនាវឱ្យរឿងនេះ «បញ្ឈប់ជាបន្ទាន់»និងឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា ។ នេះបើតាមអ្នកនាំពាក្យរងរបស់អ.ស.ប.ថ្លែងដោយលោកហ្វាហានហាក (Farhan Haq)កាលពីថ្ងៃពុធទី១០ឧសភាឆ្នាំ២០២៣។

លោកហាក បន្តថា អ៊ីស្រាអែលត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការប្រើប្រាស់កម្លាំងសមាមាត្រ និង ចាត់វិធានការប្រុងប្រយ័ត្នទាំងអស់ ដើម្បីកុំឱ្យប៉ះពាល់ជនស៊ីវិលនិងវត្ថុស៊ីវិលក្នុងប្រតិបត្តិការយោធារបស់ខ្លួន។

សេចក្តីអំពាវនាវនេះធ្វើឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា បាញ់ប្រហារគ្នាឆ្លងព្រំដែនយ៉ាងសាហាវកាលពីថ្ងៃពុធ ដោយជនជាតិប៉ាឡេស្ទីន ២២ នាក់ត្រូវបានបាត់បង់ជីវិតក្នុងរយៈពេលពីរថ្ងៃ ចំពេលមានការកើនឡើងនៃអំពើហិង្សាដ៏អាក្រក់បំផុតនៅលើទឹកដីឆ្នេរសមុទ្រនេះក្នុងរយៈពេលជាច្រើនខែមកនេះ។

ចំណែកស៊ីរ៉ែននៅតំបន់ទីក្រុងតែលអាល់វីវ (Tel Aviv) និងភាគខាងត្បូងរបស់អ៊ីស្រាអែល បានព្រមានពីគ្រាប់រ៉ុក្កែតហោះចូលមកក្នុងរាត្រីដ៏ស្រស់បំព្រង ដោយអ្នកយកព័ត៌មាន AFP នៅទីក្រុងហ្គាហ្សាបានសង្កេតឃើញការបាញ់រ៉ុក្កែតឆ្លងទៅឆ្លងមករាប់សិបគ្រាប់ ខណៈក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា «អេហ្ស៊ីបកំពុងធ្វើការលើបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាម»។

សេចក្តីថ្លែងការណ៍រួមមួយ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបាននិយាយថា «គ្រាប់រ៉ុក្កែតរាប់រយគ្រាប់ ត្រូវបានបាញ់ស្រោច ខណៈកងទ័ពអ៊ីស្រាអែលរាយការណ៍ពីការបាញ់រ៉ុក្កែតជាង ២៧០ គ្រាប់ពីតំបន់ហ្គាហ្សា មុនការបាញ់ស្រោចតបវិញនេះ»៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *