បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបារាំង Agence France-Presse (AFP)បាននិយាយថា«អ្នកសម្របសម្រួលវីដេអូរបស់ខ្លួនអ៊ុយក្រែន ត្រូវបានបាត់បង់ជីវិត កាលពីថ្ងៃអង្គារទី៩ឧសភាឆ្នាំ២០២៣ ក្នុងអំឡុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅជិតទីក្រុងបាឃ្មុត (Bakhmut) ភាគខាងកើតប្រទេសអ៊ុយក្រែន»។
AFPបាននិយាយថា «លោក អាម៉ាន់ សូលឌីន (Arman Soldin) អាយុ ៣២ ឆ្នាំបាន នៅជាមួយក្រុមអ្នកកាសែតAFP ដែលកំពុងធ្វើដំណើរជាមួយទាហានអ៊ុយក្រែន នៅពេលដែលក្រុមនេះបានរងការបាញ់ប្រហារដោយគ្រាប់រ៉ុក្កែត Grad ។ សមាជិកសេសសល់នៃក្រុម AFP មិនបានរងរបួសទេ»។
ទីភ្នាក់ងារនេះ បានបន្តថា ការវាយប្រហារពេលរសៀលថ្ងៃអង្គារបានកើតឡើងនៅក្នុងទីប្រជុំជនឆាស៊ីវយ៉ា (Chasiv Yar) នៅជិតទីក្រុងបាឃ្មុត។ កងកម្លាំងរុស្ស៊ីបានព្យាយាមដណ្តើមយកទីក្រុងនេះ អស់រយៈពេល៩ខែមកហើយដោយធ្វើឱ្យបាឃ្មុតក្លាយជាការផ្តោតសំខាន់នៃសមរភូមិយូរបំផុតនៃសង្រ្គាម។
លោក ហ្វាប្រ៊ីស ហ្វ្រាយ (Fabrice Fries) ប្រធាន AFP បាននិយាយថា «ការស្លាប់របស់គាត់គឺជាការរំលឹកដ៏គួរឱ្យភ័យខ្លាចអំពីហានិភ័យ និងគ្រោះថ្នាក់ដែលប្រឈមមុខដោយអ្នកកាសែតជារៀងរាល់ថ្ងៃ ដែលយកព័ត៌មានអំពីជម្លោះក្នុងប្រទេសអ៊ុយក្រែន»។
សូមបញ្ជាក់ថា លោកសូលឌីន កើតនៅសារ៉ាជេវ៉ូ (Sarajevo) ដែលឥឡូវជារដ្ឋធានីនៃប្រទេសបូស្ន៊ី និងមានសញ្ជាតិបារាំង នេះបើយោងតាម AFP ។ គាត់បានមកដល់អ៊ុយក្រែនដើម្បីយកព័ត៌មានសង្រ្គាម គឺមួយថ្ងៃគត់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ ហើយបានធ្វើដំណើរជាទៀងទាត់ទៅកាន់សមរភូមិជួរមុខក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
AFP បាននិយាយថា «ខ្លួនខូចចិត្តជាខ្លាំង ចំពោះការស្លាប់របស់សូលឌីន ហើយ សូមចូលរួមរំលែកទុក្ខដល់គ្រួសារនិងមនុស្សជាទីស្រឡាញ់របស់គាត់»។
ចំណែកBBN ក៏សូមចូលរួមរំលែកទុក្ខដល់គ្រួសារនិងមនុស្សជាទីស្រឡាញ់របស់គាត់ ផងដែរ ៕(ប្រែសម្រួលដោយ លោកសំណាង)