លោកប្រធានាធិបតីហ្សេលេនស្គី ប្រកាសថា «រុស្ស៊ីនឹងចាញ់សង្គ្រាម ដូចពួកណាស៊ីអ៊ីចឹង»

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្តេជ្ញាកាលពីថ្ងៃចន្ទទី៨ឧសភាថា កងកម្លាំងរុស្ស៊ីនឹងត្រូវកម្ចាត់នៅអ៊ុយក្រែន ដូចដែលពួកណាស៊ីអាល្លឺម៉ង់ ត្រូវបានវាយបំបាក់ក្នុងឆ្នាំ ១៩៤៥ យ៉ាងអ៊ីចឹង។ 

លោកថ្លែងបែបនេះក្នុងអំឡុងអានសុន្ទរកថារំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទីពីរ  នៅក្នុងខួបនៃការចុះចាញ់របស់ណាស៊ីអាល្លឺម៉ង់ ចំពោះកងកម្លាំងសម្ពន្ធមិត្តនៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ១៩៤៥ ដែលជាទិវាជ័យជម្នះនៅអឺរ៉ុប។

នៅក្នុងសុន្ទរកថាដែលបានថតទុក នៅឯពិធីរំលឹកសង្រ្គាមក្នុងទីក្រុងគៀវនេះ បានកើតឡើងមួយថ្ងៃមុនថ្ងៃជ័យជម្នះក្នុងទីក្រុងមូស្គូ ជាខួបសង្រ្គាមសូវៀតដែលត្រូវបានប្រារព្ធឡើងដោយការហែក្បួនរបស់កងទ័ពឆ្លងកាត់ទីលានក្រហមដោយមានសន្តិសុខការពារយ៉ាងខ្ពស់បំផុត។

ជាមួយគ្នានេះដែរ កងកម្លាំងអ៊ុយក្រែនបាននិយាយថា «ពួកគេបានបាញ់ទម្លាក់ដ្រូនរបស់រុស្ស៊ីជាង៣០គ្រឿង ដោយជំរុញឱ្យមានការផ្ទុះ និង សំឡេងស៊ីរ៉ែនលាន់ទ្រហឹងក្នុងដ្ឋធានីពេញមួយយប់»។

លោកហ្សេលេនស្គីបាននិយាយនៅក្នុងវីដេអូមួយ នៅឯពិធីរំលឹកសង្រ្គាមលោកលើកទីពីរ នៅទីក្រុងគៀវ យ៉ាងដូច្នេះថា «អំពើអាក្រក់ចាស់ៗទាំងអស់ដែលរុស្ស៊ីសម័យទំនើបកំពុងនាំយកមកវិញនេះ នឹងត្រូវកម្ចាត់ចោល ដូចដែលពួកណាស៊ីត្រូវបានកម្ចាត់យ៉ាងអ៊ីចឹង។ ដូចដែលយើងធ្លាប់បានបំផ្លាញអំពើអាក្រក់ជាមួយគ្នាពីមុនអ៊ីចឹង យើងឥឡូវកំពុងបំផ្លាញអំពើអាក្រក់នេះជាមួយគ្នា»។

លោកបាននិយាយថា លោកបានដាក់សេចក្តីព្រាងច្បាប់មួយទៅកាន់សភាដើម្បីរំលឹកខួបសង្គ្រាមលោកលើកទី២ជាផ្លូវការនៅអ៊ុយក្រែន នៅថ្ងៃទី ៨ ខែឧសភាផងដែរ ដែលអស់ជាច្រើនឆ្នាំមកនេះត្រូវបានប្រារព្ធនៅថ្ងៃទី ៩ ឧសភាដូចនៅក្នុងប្រទេសរុស្ស៊ីនិងបណ្តាប្រទេសអតីតសូវៀតផ្សេងទៀតដែរ។

ចុងក្រោយបង្អស់ជាបន្តបន្ទាប់របស់អ៊ុយក្រែន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដកខ្លួនឆ្ងាយពីរដ្ឋាភិបាលក្រុងមូស្គូ រួមទាំងការប្តូរឈ្មោះផ្លូវ និងទីប្រជុំជននានា ដែលដាក់ឈ្មោះតាមឥស្សរជនសូវៀតល្បីៗ៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *