បរទេស ៖ ប៉ូលិសរដ្ឋតិចសាស់ បាននិយាយថា មនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់បានបាត់បង់ជីវិត កាលពីថ្ងៃអាទិត្យទី៧ឧសភាឆ្នាំ២០២៣ នៅភាគខាងត្បូងរដ្ឋតិចសាស់ និង ច្រើននាក់ទៀតបានរងរបួសនៅពេលដែលរថយន្តមួយគ្រឿងបើកបំបុកក្រុមមនុស្សដែលកំពុងរង់ចាំ នៅចំណតរថយន្តក្រុងមួយ នៅខាងក្រៅមជ្ឈមណ្ឌលជំនួយជនចំណាកស្រុក។
ប៉ូលិសបាននិយាយថា ពួកគេចាត់ទុកឧបទ្ទវហេតុនេះថា ជាគ្រោះថ្នាក់មួយសម្រាប់បច្ចុប្បន្ននេះ បើទោះជាសាក្សីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកបើកបរបានស្រែកជេរប្រមាថក្រុមនេះ មុនពេលបង្កើនល្បឿនក៏ដោយ។
លោក ម៉ាទីន សាន់ដូវ៉ាល់ (Martin Sandoval) អ្នកនាំពាក្យប៉ូលិសក្នុងតំបន់បានប្រាប់ AFP ថា រថយន្តស្ព័រពណ៌ប្រផេះបានបើកឆ្លងភ្លើងក្រហម ហើយបើកបំបុកមនុស្សជាច្រើន នៅម៉ោងប្រហែល៨និង៣០ព្រឹកក្នុងទីក្រុងប្រោនវីល (Brownsville) ដែលជាទីក្រុងព្រំដែន នៅចុងភាគខាងត្បូងរដ្ឋតិចសាស់ ហើយមនុស្សប្រាំពីរនាក់បានបាត់បង់ជីវិត និង ជិត ១០ នាក់ផ្សេងទៀតបានរងរបួស។
សាក្សី ឈ្មោះ ល្វីស ហឺរេរ៉ា (Luis Herrera) ដែលដៃរបស់គាត់បានរងរបួសក្នុងឧបទ្ទវហេតុនោះ បានប្រាប់ AFP ថា ការបំបុកនេះកើតឡើងភ្លាមៗពេក។ ស្ត្រីម្នាក់បានជិះឡានចូលមក ហើយព្រមានយើងឱ្យចេញឆ្ងាយពីផ្លូវ។ បន្ទាប់មកហឺរេរ៉ា បានពណ៌នាអ្នកបើកបរថាបង្កើនល្បឿនរថយន្តពេញកម្លាំង។
លោកសាន់ដូវ៉ាល់ អ្នកបើកឡាន និយាយថា ក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរនោះ ត្រូវបានសាក្សីឃាត់ខ្លួនរហូតដល់ប៉ូលិសមកដល់។ ឥឡូវនេះគាត់ត្រូវបានចោទប្រកាន់ពីបទ«បើកបរមិនប្រុងប្រយ័ត្ន»។
លោកសាន់ដូវ៉ាល់មុននេះបានប្រាប់ទូរទស្សន៍ ABC ថា «វាទំនងជាមានការចោទប្រកាន់ផ្សេងទៀតកើតឡើងនៅពេលក្រោយ»ដោយមិនបញ្ជាក់ថាការចោទក្រោយៗអាចជាបទល្មើសអ្វីនោះទេ ហើយអាជ្ញាធរកំពុងបើកការស៊ើបអង្កេតមួយថាតើការបុកនេះជាគ្រោះថ្នាក់ឬជាចេតនា៕(ប្រែសម្រួលដោយលោក សំណាង)