បរទេស ៖ ក្រុមមន្ត្រីប្រទេសកុងហ្គោ បាននិយាយកាលពីថ្ងៃសុក្រទី៥ឧសភាឆ្នាំ២០២៣ថា មនុស្សជាង ១៧០ នាក់បានបាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់នៅខេត្តគីវូខាងត្បូង (Kivu) ស្ថិតនៅភាគខាងកើតកុងហ្គោបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុកបណ្តាលឱ្យមនុស្សរាប់សិបនាក់នៅក្នុងប្រទេសជិតខាងរវ៉ាន់ដាបាត់បង់ជីវិតផងដែរ ។
លោក ថេអូ អិនវ៉ាបប៊ីជេ (Theo Ngwabije) អភិបាលខេត្តគីវូខាងត្បូង បាននិយាយថា មនុស្សរាប់សិបនាក់ទៀតមិនត្រូវបានរាប់បញ្ចូលទេក្នុងតំបន់កាឡេហេ (Kalehe) ភាគខាងលិចនៃបឹងគីវូ (Kivu) និងនៅជិតព្រំដែនរវ៉ាន់ដា ជាកន្លែងដែលទឹកជំនន់បានអូសយកផ្ទះសម្បែងរាប់រយខ្នង។ លោកបាននិយាយពេលចុះទៅមើលតំបន់រងគ្រោះថា«យើងមានមនុស្សប្រហែល ១៧៦ នាក់បានបាត់បង់ជីវិត។ចំនួនអ្នកស្លាប់នេះគឺបណ្ដោះអាសន្នប៉ុណ្ណោះ។ យើងក៏មានមនុស្សប្រហែល ១០០ នាក់ទៀតបាត់ខ្លួន»។
លោក អាឈីមេដេ កាហេបវ៉ា (Archimede Karhebwa) ជំនួយការអភិបាលតំបន់កាឡេហេ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា«មនុស្សប្រហែល ១០០ នាក់បានបាត់បង់ជីវិត» ។ នេះបើយោងតាមចំនួនបណ្តោះអាសន្ន។
ចំណែករដ្ឋាភិបាលបានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា «ថ្ងៃនៃការកាន់ទុក្ខថ្នាក់ជាតិនឹងត្រូវប្រារព្ធឡើងនៅថ្ងៃចន្ទជាមួយនឹងទង់ជាតិបង្ហូតពាក់កណ្តាលដង ក្នុងការរំលឹកដល់ជនរួមជាតិដែលបានបាត់បង់ជីវិត។ ភូមិជាច្រើននៅតំបន់កាឡេហេត្រូវបានលិចលង់ នៅពេលដែលទឹកទន្លេបានបុកបំបាក់ច្រាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង»៕(ប្រែសម្រួលដោយ លោកសំណាង)