បរទេស ៖ ប្រទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី៤ឧសភាឆ្នាំ២០២៣ថា «ជាអ្នកនៅពីក្រោយអ្វីដែលខ្លួននិយាយថាជាការវាយប្រហារ ដោយដ្រូនលើវិមានក្រឹមឡាំងនៃទីក្រុងមូស្គូក្នុងគោលបំណងសម្លាប់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែសហរដ្ឋអាមេរិកបានឆ្លើយតបវិញ ដោយនិយាយថា «ការអះអាងនោះគឺមិនពិតទេ»។
លោក ចន កឺប៊ី (John Kirby) អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន បានប្រាប់ទូរទស្សន៍ MSNBC នៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំអាចធានាចំពោះអ្នកថាមិនមានការចូលរួមពីសហរដ្ឋអាមេរិកក្នុងរឿងនេះទេ។ មិនថាវាជាអ្វីក៏ដោយគឺមិនជាប់ពាក់ព័ន្ធនឹងយើងសោះឡើយ។ យើងមិនមានពាក់ព័ន្ធនឹងរឿងនេះទេ»។
ក្រោយមកមួយថ្ងៃ បន្ទាប់ពីស្តីបន្ទោសអ៊ុយក្រែនចំពោះអ្វីដែលខ្លួនហៅថាការវាយប្រហារភេរវកម្មនោះ រដ្ឋបាលវិមានក្រឹមឡាំងបានបង្វែរការស្តីបន្ទោសមកលើសហរដ្ឋអាមេរិក ប៉ុន្តែដោយមិនផ្តល់ភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់របស់ខ្លួនទេ។
ប្រទេសអ៊ុយក្រែនបានបដិសេធការជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុកាលពីព្រលឹមថ្ងៃពុធទី៣ឧសភា ឆ្នាំ២០២៣ នៅពេលវីដេអូមួយបានបង្ហាញវត្ថុហោះពីរកំពុងចូលទៅជិតវិមានព្រឹទ្ធសភានៅខាងក្នុងជញ្ជាំងវិមានក្រឹមឡាំង ហើយវត្ថុមួយបានផ្ទុះបញ្ចេញពន្លឺភ្លឺចិញ្ចាច។
ចំណែកអ្នកនាំពាក្យរបស់លោកពូទីន លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា «ការប៉ុនប៉ងដើម្បីបដិសេធរឿងនេះ ទាំងនៅក្នុងទីក្រុងគៀវនិងទីក្រុងវ៉ាស៊ីនតោន គឺជារឿងគួរឱ្យអស់សំណើចណាស់។ យើងបានដឹងយ៉ាងច្បាស់ថា ការសម្រេចចិត្តលើសកម្មភាពបែបនេះ ពោលគឺការវាយប្រហារភេរវកម្ម មិនមែនធ្វើឡើងនៅក្នុងទីក្រុងគៀវទេ ប៉ុន្តែនៅក្នុងទីក្រុងវ៉ាស៊ីនតោន»។
លោកបន្តថា សហរដ្ឋអាមេរិកគ្មានអ្វីត្រូវសង្ស័យ គឺនៅពីក្រោយការវាយប្រហារដែលបានចោទប្រកាន់នេះ ហើយបានបន្ថែមដោយគ្មានភស្តុតាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតែងតែជ្រើសរើសទាំងគោលដៅសម្រាប់អ៊ុយក្រែនដើម្បីវាយប្រហារ និងមធ្យោបាយដើម្បីវាយប្រហារគោលដៅ។ ជាញឹកញាប់នេះគឺជាបញ្ជាឆ្លងពីមហាសមុទ្រ(សហរដ្ឋអាមេរិក)។ យើងដឹងរឿងនេះច្បាស់ ហើយដឹងអំពីរឿងនេះ…នៅវ៉ាស៊ីនតោន ពួកគេច្បាស់ជាបានដឹងយ៉ាងច្បាស់ថាយើងដឹងរឿងនេះ»។
លោកកឺប៊ីបន្តថា «ខ្លួននៅមិនទាន់ដឹងច្បាស់ពីអ្វីដែលបានកើតឡើងនៅវិមានក្រឹមឡាំងទេ។ យើងនៅតែមិនដឹងថាមានអ្វីកើតឡើង ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅកំពុងវាយតម្លៃស្ថានភាពនៅឡើយ»៕(ប្រែសម្រួលដោយលោកសំណាង)