អគ្គលេខាអ.ស.បអំពាវនាវឱ្យប្រទេសទាំងអស់ បញ្ឈប់ការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយ

បរទេស ៖ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.)បានព្រមាននៅមួយថ្ងៃមុនទិវាសេរីភាពសារព័ត៌មានពិភពលោកថា «ប្រព័ន្ធផ្សព្វផ្សាយកំពុងរងការវាយប្រហារនៅគ្រប់ទិសទីនៃពិភពលោក ហើយបានជំរុញឱ្យប្រទេសទាំងអស់បញ្ឈប់ការវាយប្រហារលើការពិត និង អ្នកដែលរាយការណ៍ព័ត៌មានពិត»។

លោក អង់តូនីញ៉ូ គូថេរ៉េស អគ្គលេខាធិការអ.ស.ប.បានហៅការកើនឡើង ៥០ ភាគរយនៃការសម្លាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ ២០២២ ថា «មិនគួរឱ្យជឿ»។លោកសង្កត់ធ្ងន់ថា «សេរីភាពសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនិងយុត្តិធម៌ ហើយវាស្ថិតនៅក្រោមការគំរាមកំហែង»។

សូមបញ្ជាក់ថា យ៉ាងហោចណាស់មានបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយចំនួន ៦៧ នាក់ត្រូវបានបាត់បង់ជីវិតក្នុងឆ្នាំ ២០២២។ក្រៅពីនេះ វេទិកាឌីជីថលនិងបណ្តាញសង្គមបានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពួកជ្រុលនិយមក្នុងការផ្សព្វផ្សាយរឿងមិនពិតនិងបៀតបៀនអ្នកសារព័ត៌មាន។

លោកគូថេរ៉េសបានបន្តថា «ការពិតត្រូវបានគំរាមកំហែងដោយការផ្សាយព័ត៌មានមិនពិតនិងពាក្យសម្អប់ ដែលព្យាយាមធ្វើឱ្យលែងច្បាស់លាស់រវាងការពិតនិងការប្រឌិត រវាងវិទ្យាសាស្ត្រនិងទ្រឹស្តីព្រាវៗ»។

លោកគូថេរ៉េសបាននិយាយថា «ការដួលរលំនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ដែលនាំទៅដល់ការបិទកាសែតក្នុងស្រុកនិងការបង្រួញប្រព័ន្ធផ្សព្វផ្សាយ ទៅក្នុងដៃរបស់ក្រុមមនុស្សមួយក្តាប់តូច កំពុងគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ»។

ចំពោះច្បាប់ថ្មីដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលទូទាំងពិភពលោកក៏កំពុងបង្កការគំរាមកំហែងផងដែរ ជាក់ស្តែងដូចជាច្បាប់ឆ្នាំ ២០២២ របស់រុស្ស៊ី ដែលចែងថា«ជនណាផ្សព្វផ្សាយព័ត៌មានអំពីយោធារបស់ខ្លួន ដែលរដ្ឋាភិបាលក្រុងមូស្គូចាត់ទុកថាមិនពិត អាចប្រឈមជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *