បរទេស ៖ មនុស្ស៦នាក់បានបាត់បង់ជីវិតនិង៣០នាក់រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានព្យុះធូលីដ៏គ្រោះថ្នាក់បាននាំឱ្យមានរថយន្ត៩០គ្រឿងបើកបុកតកន្ទុយគ្នាដ៏ធំនៅលើផ្លូវ Interstate 55 ភាគខាងត្បូងនៃទីក្រុងស្ព្រីងហ្វៀល (Springfield) រដ្ឋអ៊ីលលីនណយ (Illinois) សហរដ្ឋអាមេរិក។
ប៉ូលិសរដ្ឋអ៊ីលលីនណយ បាននិយាយថា គ្រោះថ្នាក់នេះគឺពាក់ព័ន្ធនឹងរថយន្តអ្នកដំណើរធម្មតា៦០គ្រឿង រថយន្តពាណិជ្ជកម្ម២៨គ្រឿង និង រថយន្តដឹកទំនិញខ្នាតមធ្យមពីរគ្រឿង ដែលឆាបឆេះលើផ្លូវ ។
លោក រ៉ាយអែន ស្តារីក (Ryan Starrick) វរសេនីយ៍ឯកប៉ូលិសរដ្ឋអ៊ីលលីនណយ បាននិយាយនៅក្នុងសន្និសីទថ្មីមួយកាលពីល្ងាចថ្ងៃចន្ទទី១ឧសភាថា «អ្នករងរបួសមានអាយុចាប់ពី ២ឆ្នាំ ដល់ ៨០ ឆ្នាំ ហើយរងរបួសចាប់ពីកម្រិតស្រាលរហូតដល់កម្រិតគ្រោះថ្នាក់ដល់អាយុជីវិត។ លើកំណាត់ដ៏វែងនៃផ្លូវហាយវេនេះត្រូវបានបិទ ហើយចរាចរណ៍ត្រូវបានបង្វែរទិស។ វានឹងបន្តបិទរហូតដល់រសៀលថ្ងៃអង្គារនេះ។
ចំណែកក្រុមមន្ត្រីបានបង្កើតប៉ុស្តិ៍ជួបជុំសាច់ញាតិមួយសម្រាប់ក្រុមគ្រួសាររបស់ជនរងគ្រោះដោយឧបទ្ទវហេតុនៅមជ្ឈមណ្ឌលទេសចរណ៍មីស្ទើព្យូអែល (Mr. Fuel) នៅទីប្រជុំជនលីតហ្វៀល (Litchfield) តំបន់ម៉ង់ហ្គោមឺរីខោនធី(Montgomery County)។
បើតាមវីដេអូនិងរូបថតដែលបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញផ្សែងហុយទ្រលោម និង រថយន្តជាច្រើនរងការខូចខាតនិងឆេះខ្លោច ហើយសាក្សីនិយាយថា«មានការផ្ទុះជាច្រើនកើតឡើងបន្តបន្ទាប់ ។ ខ្យល់បក់ខ្លាំងបានពាំនាំដីស្រែថ្មីៗពីកសិដ្ឋានក្បែរនោះមកលើផ្លូវ បង្កើតបានជាផ្ទាំងធូលីនិងនាំឱ្យការមើលឃើញធ្លាក់ចុះខ្លាំងប្រកបដោយគ្រោះថ្នាក់បំផុត»។
លោកស្តារីកបាននិយាយថា ខ្យល់ព្យុះបានបក់មកយ៉ាងលឿន ដោយបង្កើតបានស្ថានភាពស្រដៀងនឹងព្យុះព្រិលទឹកកកផងដែរ ។ ការបុកគ្នាដំបូងបានកើតឡើងនៅពេលល្ងាចនៅគន្លងឆ្ពោះទៅទិសខាងជើង ដោយការបុកគ្នាបន្ថែមទៀតក្រោយមកត្រូវបានរាយការណ៍នៅគន្លងឆ្ពោះទៅទិសខាងត្បូង។
លោកបានបន្តថា «មូលហេតុនៃការបុកតកន្ទុយគ្នានេះគឺដោយសារខ្យល់ខ្លាំងបក់បោកដីស្រែឆ្លងកាត់ផ្លូវហាយវេ ដែលនាំឱ្យមើលមិនឃើញតែម្តង»៕(ប្រែសម្រួលដោយ លោកសំណាង)