បរទេស ៖ លោក អង់តូនីញ៉ូ គូថេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) បាននិយាយកាលពីថ្ងៃអាទិត្យទី៣០មេសាឆ្នាំ២០២៣ ថា មន្ត្រីមនុស្សធម៌កំពូលៗរបស់អ.ស.ប.កំពុងធ្វើដំណើរទៅកាន់តំបន់ស៊ូដង់ដោយសារតែឥទ្ធិពលកើនឡើងយ៉ាងឆាប់រហ័សនៃសង្គ្រាមនៅទីនោះ និងផលប៉ះពាល់កាន់តែរាលដាលកាន់តែខ្លាំង។
ការប្រកាសនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំងស៊ូដង់ដែលជាគូប្រជែងបានប្រកាសពីការបន្តបទឈប់បាញ់ដែលពួកគេបានបំពានភាគច្រើន ខណៈយន្តហោះចម្បាំងបានហោះពេញមេឃ ហើយការប្រយុទ្ធគ្នានៅតែបន្តនៅលើដីក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់។
លោក ស្តេហ្វេន ឌួចារិក (Stephane Dujarric) អ្នកនាំពាក្យរបស់លោកគូថេរ៉េស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ទំហំនិងល្បឿននៃអ្វីដែលកំពុងលាតត្រដាងគឺមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រទេសស៊ូដង់។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ ក៏ដូចជាផលប៉ះពាល់រយៈពេលវែងលើប្រជាជនទាំងអស់នៅក្នុងប្រទេសស៊ូដង់និងតំបន់ដ៏ទូលំទូលាយនេះ»។
លោកបាននិយាយថា ប្រធានអ.ស.បបានបញ្ជូនលោក ម៉ាទីន ហ្គ្រីហ្វហ្វីត (Martin Griffiths) ដែលជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់គាត់ភ្លាមៗ ទៅកាន់តំបន់ ក្រោយមើលឃើញវិបត្តិមនុស្សធម៌មានសភាពដុនដាបយ៉ាងរហ័សនៅក្នុងប្រទេសស៊ូដង់។ អរិភាពដ៏សាហាវរវាងកងទ័ពនិងកងជីវពលប្រដាប់អាវុធធុនធ្ងន់នៅទីក្រុងកាទុំនិងផ្នែកផ្សេងទៀតនៃប្រទេសបានឈានចូលដល់សប្តាហ៍ទីបីហើយ។
ចំពោះបទឈប់បាញ់ ដែលត្រូវបានរំលោភបំពានយ៉ាងទូលំទូលាយចុងក្រោយបំផុតនេះ គ្រោងនឹងផុតកំណត់ជាផ្លូវការនៅពាក់កណ្តាលអធ្រាត្រ មុនពេលកងកម្លាំងគូប្រជែងបានប្រកាសពន្យារ ៧២ ម៉ោង ដែលកងទ័ពស៊ូដង់និយាយថា«បានធ្វើឡើងដោយសារតែ ការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីត»។
មនុស្សជាង ៥០០ នាក់ត្រូវបានសម្លាប់និងរាប់ម៉ឺននាក់ទៀតត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេទៅកាន់ទីតាំងដែលមានសុវត្ថិភាពក្នុងប្រទេស ឬក្រៅប្រទេសចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសាឆ្នាំ២០២៣ ។
ការប្រយុទ្ធគ្នានេះគឺធ្វើឡើងរវាងកងកម្លាំងរបស់មេទ័ពលោក អាប់ឌែល ហ្វាតតា អាល់ បឺហាន (Abdel Fattah al-Burhan) និងអតីតអនុប្រធានរបស់គាត់ លោក ម៉ូហាម៉េដ ហាមដាន ដាកឡូ (Mohamed Hamdan Daglo) ដែលបញ្ជាកងកម្លាំងគាំទ្ររហ័ស (RSF)៕(ប្រែសម្រួលដោយ លោកសំណាង)