រុស្ស៊ីវាយអ៊ុយក្រែន បណ្តាលឱ្យជនស៊ីវិល បាត់បង់ជីវិត២៦នាក់ រួមទាំងកុមារ៥នាក់

បរទេស ៖ កងទ័ពរុស្ស៊ីបានវាយប្រហារទៅលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រទី២៨មេសាឆ្នាំ២០២៣ បណ្តាលឱ្យមនុស្ស ២៦ នាក់បាត់បង់ជីវិត ក្នុងនោះមានកុមារ ៥ នាក់ ខណៈរដ្ឋាភិបាលក្រុងគៀវបាននិយាយថា «ការត្រៀមខ្លួនសម្រាប់ការវាយលុកប្រឆាំងនឹងកងកម្លាំងរបស់រដ្ឋាភិបាលក្រុងមូស្គូ គឺជិតរួចរាល់ហើយ»។

ចំពោះការវាយប្រហារថ្មីដ៏សាហាវនេះ រួមមានការវាយលើប្លុកលំនៅឋានមួយក្នុងទីក្រុងប្រវត្តិសាស្ត្រយូម៉ាន់ (Uman) ភាគកណ្តាលអ៊ុយក្រែន កន្លែងដែលអ្នកសារព័ត៌មាន AFP បានឃើញក្រុមអ្នកជួយសង្គ្រោះកំពុងទាញសាកសពជនរងគ្រោះចេញពីអគារដែលរងការបំផ្លាញ។

ការបាញ់ស្រោចមីស៊ីលជាង២០គ្រាប់ពេញមួយយប់ បានបញ្ចប់ការផ្អាកបាញ់រយៈពេលមួយសប្តាហ៍ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីម្តងហើយម្តងទៀតក្នុងគោលបំណងធ្វើឱ្យហិនហោចបណ្តាញថាមពលរបស់អ៊ុយក្រែនក្នុងអំឡុងរដូវរងា។

កាលពីយប់ថ្ងៃសុក្រ បុគ្គលិកសង្គ្រោះនៅទីក្រុងយូម៉ាន់ ជាកន្លែងធ្វើធម្មយាត្រាហាស៊ីឌីក (Hasidic) ប្រចាំឆ្នាំ បានទាញសាកសពក្មេងម្នាក់ទៀតចេញពីក្រោមគំនរបាក់បែក។ អាជ្ញាធរបាននិយាយថា «មីស៊ីលរុស្ស៊ីបានសម្លាប់មនុស្ស២៣ នាក់ ក្នុងនោះមានកុមារ ៤ នាក់នៅទីក្រុងយូម៉ាន់»។

លោកឌីមីទ្រី (Dmitry) អាយុ ៣៣ ឆ្នាំជាអ្នកស្រុកមកពីលូហានសខ៍ភាគខាងកើតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បាននិយាយថា «ខ្ញុំចង់ឃើញកូនរបស់ខ្ញុំ ពួកគេស្ថិតនៅក្រោមគំនរបាក់បែក។ខ្ញុំបានឃើញច្រើនមកហើយប៉ុន្តែខ្ញុំមិនដែលបាត់បង់កូនរបស់ខ្ញុំពីមុនទេ។ ឥឡូវនេះខ្ញុំចង់ឃើញកូនខ្ញុំទាំងរស់ឬស្លាប់»។

ចំណែកក្រុមអ្នកជួយសង្គ្រោះកំពុងប្រើប្រាស់រថយន្តស្ទូចដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងចំណោមប្លុកលំនៅឋានច្រើនជាន់សេសសល់ដទៃនៅកណ្តាលទីក្រុង ដែលមានប្រជាជនចំនួន ៨០.០០០ នាក់នេះ។

មីស៊ីលរបស់រុស្ស៊ីក៏បានវាយប្រហារកណ្តាលទីក្រុងឌីនីប្រូ (Dnipro) ដែលបានរងទុក្ខវេទនារួចជាស្រេចផងដែរបន្ទាប់ពីការវាយប្រហារកាលពីខែមករាទៅលើប្លុកអគារខ្ពស់ ដែលបានសម្លាប់មនុស្សជាង ៤០ នាក់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *