ឆក់កាបូបសម្រេច២លើក តែមិនអាចគេចខ្លួនរួច, នគរបាលក្រុងពោធិ៍សាត់ឃាត់បាន៤នាក់

ពោធិ៍សាត់ ៖ ជនសង្ស័យ៤នាក់ ត្រូវនគរបាលក្រុងពោធិ៍សាត់ ស្រាវជ្រាវចាប់ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសចោរកម្មឆក់ចំនួន២ករណី ធ្វើឡើងនៅចំណុចផ្ទះឈ្មោះ រ៉ា ស្ថិតនៅភូមិទួលម៉ាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៨និង ៣០នាទី ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣  ។

លោកវរសេនីយ៍ទោ សុខ មេសា អធិការរងនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ក្រោយទទួលបានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីចោរកម្មឆក់ ជាបន្តបន្ទាប់ កម្លាំងនគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរលាប បានធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់រួមមាន ទី១-ឈ្មោះ ខាត់ វណ្ណៈ ភេទប្រុសអាយុ១៧ឆ្នាំ,ទី២-ឈ្មោះ រឿនសុខទ្រីម អ្នកទាំងពីរ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ,ទី៣-ឈ្មោះប្រាក់ សារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ និង៤-ឈ្មោះ អាតណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាករទេះ សង្កាត់ព្រៃញីក្រុងពោធិ៍សាត់ ។

លោកអធិការរងបន្តថា ជនសង្ស័យទាំង៤នាក់ពាក់ព័ន្ធក្នុងករណីឆក់កាបូបលុយ ចំនួន០២ករណី ដោយករណីទី១-នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៧ យប់ នៅចំណុចមុខKTVតាប៊ុយ ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាបក្រុងពោធិ៍សាត់ ដោយមានជនមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន០២នាក់ជិះម៉ូតូ១គ្រឿង បានធ្វេីសកម្មភាពឆក់កាបូបលុយ ពីជនរងគ្រោះឈ្មោះ ពៅ គឹមហុង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ជិះម៉ូតូម៉ាកហ្វីណូ ពណ៌ផ្កាឈូក គ្មានស្លាកលេខ ។សម្ភារៈបាត់បង់មាន កាបូបលុយចំនួន០១ លុយខ្មែរចំនួន៧៥០០០រៀល ។

ចំពោះករណីទី២ -នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង០៨និង០០នាទីព្រឹក មានករណីឆក់បូបលុយ នៅលេីផ្លូវជាតិលេខ៥ ចំណុចស្រង់តូច ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាបក្រុងពោធិ៍សាត់ បង្កដោយមានជនមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់ជិះម៉ូតូចំនួន០១គ្រឿង បានធ្វេីសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះឈ្មោះ អ៊ុក ទុំ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ សម្ភារបាត់បង់រួមមានកាបូបលុយចំនួន០១,ទូរសព្ទចំនួន០១គ្រឿង ,លុយខ្មែរចំនួន៥០ម៉ឺនរៀល និងគ្រឿងអលង្ការមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *