ទឹកប្តូរនិស្ស័យចូលក្នុងខ្លួន ឈ្លោះជាមួយប្រពន្ធ វាយកម្ទេច សម្ភារក្នុងផ្ទះនិងដុតម៉ូតូចោល

ភ្នំពេញ ៖ បុរសម្នាក់ផឹកស៊ីស្រវឹងស្រាជោកជាំមកដល់ផ្ទះរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ហើយបានវាយកម្ទេចសម្ភារក្នុងផ្ទះនិងបានចាក់សាំងដុតម៉ូតូចោលផ្អើលអ្នកភូមិនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ត្រង់ចំណុចក្បែរផ្សារដើមអំពិល ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមសម្តីពីស្ត្រីជាប្រពន្ធបានរៀបរាប់ ប្រាប់ឱ្យដឹងថា ពួកគាត់បានរៀបការរស់នៅជាមួយគ្នាអស់រយៈពេលជាយូឆ្នាំមកហើយ រហូតដល់សព្វថ្ងៃនេះមានកូនចំនួនបីនាក់ នៅក្នុងបន្ទុក។ កន្លងមកប្តីរបស់គាត់ មិនដែលធ្លាប់មានប្រើប្រាស់អំពើហិង្សាមកលើរូបគាត់ឬវាយកម្ទេចសម្ភារក្នុងផ្ទះអ្វីនោះទេ។ កាលពីល្ងាចប្តីរបស់គាត់បានផឹកស៊ីនៅផ្ទះអ្នកជិតខាង ពេលប្តីរបស់គាត់ក៏បានត្រឡប់មកដល់ផ្ទះវិញដោយក្នុងសភាពស្រវឹងស្រាជោកជាំ ពួកគាត់ទាំងពីរក៏បានទាស់មាត់ទាស់កគ្នារហូតឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក។ 

ស្ត្រីជាប្រពន្ធបន្តថា បន្ទាប់មកប្តីរបស់គាត់ក៏បាន វាយកម្ទេចសម្ភារនៅក្នុងផ្ទះ និងបានយកសាំងចាក់ដុតម៉ូតូសង់កូរ៉េមួយគ្រឿងដែលនៅខាងក្នុងផ្ទះឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ទាន់ពេលវេលា។ បន្ទាប់មកប្រជាពលរដ្ឋក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។ 

ខណៈពេលសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍ប្តីរបស់គាត់ មិនព្រមស្តាប់សមត្ថកិច្ចថែមទាំងស្ទុះទៅទាញ យកកាំបិតមកកាន់គំរាមសមត្ថកិច្ចថែមទៀតផង ធ្វើឲ្យសមត្ថកិច្ចមិនហ៊ានចូលនោះទេ។ រួចគាត់ក៏បាននាំកូនៗរបស់គាត់ទាំងអស់រត់ចេញទៅខាងក្រៅផ្ទះ ហើយប្តីរបស់គាត់ក៏បានចូលទៅសម្ងំនៅក្នុងផ្ទះដោយចាក់សោពីខាងក្នុងថែមទៀតផង។ 

តាមយោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅក្នុងភូមិបានឱ្យដឹងថា កន្លងមកបុរសខាងលើស្លូតបូតស្គាល់ចាស់ទុំក្នុងភូមិនិងមិនដែលធ្លាប់ប្រព្រឹត្តិអំពើបែបនេះពីមុខមកទេ ហើយនៅថ្ងៃកើតហេតុ មិនដឹងថាបុរសនោះមានបញ្ហាអ្វីនោះទេបានជាប្រព្រឹត្តិអំពើបែបនេះទៅវិញ។ ពួកគាត់និយាយថា គ្មានអ្វីក្រៅពីទឹកប្តូរនិស្ស័យចូលក្នុងខ្លួននោះទេ ទើបគាត់ប្តូរចរឹក ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននិយាយលួងលោមឱ្យបុរសខាងលើបើកទ្វារចេញមកខាងក្រៅ, ប៉ុន្តែបុរសនោះមិនព្រមបើក អស់រយៈពេលជាងពីរម៉ោងទើបសមត្ថកិច្ចសម្រេចទម្លុះទ្វារចូលហើយបុរសនោះក៏ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីធ្វើការសាកសួរនិងចាត់ការទៅតាមនីតិវិធីច្បាប់បន្តទៀត៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *