អាមេរិកនិងកូរ៉េខាងត្បូង ព្រមានថា «របបកូរ៉េខាងជើងនឹងចប់ បើហ៊ានវាយប្រហារនុយក្លេអ៊ែរ»

បរទេស ៖ លោកប្រធានាធិបតី ចូ បៃដិន និងលោក យូន ស៊ុកយ៉ូល ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហាញផែនការថ្មីមួយ កាលពីថ្ងៃពុធទី២៦មេសា ឆ្នាំ២០២៣ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយមេដឹកនាំអាមេរិកបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា «ការវាយប្រហារបែបនោះនឹងនាំមកនូវទីបញ្ចប់ដល់របបណាដែលចាប់ផ្តើមសកម្មភាពបែបនេះ»។

ចំពោះកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់នុយក្លេអ៊ែរថ្មីនេះ គឺអំពាវនាវឱ្យមានការចូលចតជាប្រចាំនូវនាវាមុជទឹកប្រដាប់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយជំរុញឱ្យមានការហ្វឹកហ្វឺនច្រើនឡើងរវាងប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះត្រូវបានបង្ហាញ ខណៈលោកបៃដិនធ្វើជាម្ចាស់ផ្ទះសម្រាប់ដំណើរទស្សនៈកិច្ចផ្លូវរដ្ឋនៅគ្រាដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះល្បឿននៃការសាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

លោកបៃដិន បាននិយាយនៅក្នុងសន្និសីទកាសែតនៅសួនកុឡាបជាមួយលោកយូន យ៉ាងដូច្នេះថា «ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្តនិងដៃគូរបស់ខ្លួនគឺមិនអាចទទួលយកបានទេហើយនឹងនាំមកនូវទីបញ្ចប់ដល់របបណាដែលចាត់វិធានការបែបនេះ»។

លោកយូនបាននិយាយថា «ការប្តេជ្ញាចិត្តថ្មីដោយសម្ពន្ធមិត្តដែលមានគុណធម៌ គឺរួមមានផែនការសម្រាប់ការពិគ្រោះយោបល់ប្រធានាធិបតីទ្វេភាគីនៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង ការបង្កើតក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ និង ការធ្វើឱ្យប្រសើរឡើងនូវការចែករំលែកព័ត៌មានស្តីពីផែនការប្រតិបត្តិការនុយក្លេអ៊ែរនិងអាវុធយុទ្ធសាស្ត្រ»។

លោកយូនបាននិយាយថា សន្តិភាពប្រកបដោយនិរន្តរភាពនៅឧបទ្វីបកូរ៉េមិនបានកើតឡើងដោយស្វ័យប្រវត្តិទេ។លោកបានបន្ថែមថា «ប្រទេសរបស់យើងទាំងពីរបានយល់ព្រមក្នុងការពិគ្រោះយោបល់ប្រធានាធិបតីទ្វេភាគីភ្លាមៗនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយសន្យាឆ្លើយតបយ៉ាងរហ័ស លើសលប់និងយ៉ាងម៉ឺងម៉ាត់ក្នុងការប្រើប្រាស់កម្លាំងពេញលេញរបស់សម្ពន្ធមិត្ត រួមទាំងអាវុធនុយក្លេអ៊ែររបស់អាម៉េរិក»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *