នាំគ្នាចុះរាវលៀស រអិលជើងលង់ទឹកស្លាប់ ក្មេងស្រី២នាក់

ភ្នំពេញ ៖ ក្មេងស្រី២នាក់បានលង់ទឹកស្លាប់ ចំណែក២នាក់ទៀតស្រង់សង្គ្រោះបានវិញ បន្ទាប់ពីនាំគ្នាទៅរាវរកលៀសជាមួយជីដូន ស្រាប់តែរអិលផុងជើងទៅទីទឹកជ្រៅ ទើបបណ្តាលឱ្យលង់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅអូរបាក់អង្រុត ភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌកំបូល។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា ក្មេងស្រីរងគ្រោះស្លាប់២នាក់ ទី១ ឈ្មោះ ដា វណ្ណា អាយុ១៣ឆ្នាំ មុខរបរសិស្ស និងទី២ ឈ្មោះ អឿន ស្រីឡាន អាយុ១៤ឆ្នាំ មុខរបរសិស្ស ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្នុងភូមិត្រពាំងអារ័ក្សសង្កាត់ឪឡោក ខណ្ឌកំបូល ។

ប្រភពបន្តថា មុនកើតហេតុ ក្មេងស្រីរងគ្រោះទាំង៤នាក់ សុទ្ធតែបងប្អូនជីដូនមួយនឹងគ្នា បានទៅរាវលៀសជាមួយជីដូននៅតាមមាត់អូរបាក់អង្រុតដែលមានជម្រៅ៤ម៉ែត្រ ។លុះដល់វេលាម៉ោងខាងលើ ជីដូនបានឡើងមកមុន នៅសល់ចៅ៤នាក់ ស្រាប់តែមានម្នាក់រអិលផុងជើងទៅកន្លែងទឹកជ្រៅ ទើបនាំគ្នាឈោងជួយចាប់ ស្រាប់តែលង់លិចបាត់២នាក់ ផ្អើលឆោឡោដល់ពលរដ្ឋក្បែរនោះជួយស្រង់បាន២នាក់ ។

បន្ទាប់ពីលង់លិចបាត់ខ្លួនក្មេងស្រី២នាក់ ប្រជាពលរដ្ឋនាំគ្នាចុះជួយរាវរក ស្រង់បានទាំង២នាក់ជាបន្តបន្ទាប់ តែស្លាប់បាត់ទៅហើយ ។ សពក្មេងស្រីរងគ្រោះទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *