ឯកឧត្តម ស សុខា ផ្តល់អនុសាសន៍ ទៅកាន់អគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ចំនួន ១០ចំណុច ទៅកាន់អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ នៃក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិក កំពុងហាត់ហ្វឹកហ្វឺនត្រៀមលក្ខណៈ ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ 

ក្រមសីលធម៌ ចំនួន៣ចំណុច ចំពោះអត្តពលិក ដែលត្រូវចូលរួមប្រកួតកីឡាស៊ីហ្គេម រួមមាន ៖ ទី១. ត្រូវគោរពវិន័យ សេចក្ដីថ្លៃថ្នូរសាមគ្គីភាព មិត្តភាព ក្នុងនាមជាអគ្គពលិកម្ចាស់ផ្ទះ ទី២. ត្រូវប្រកាន់ខ្ជាប់នូវបទបញ្ជាការប្រកួតប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុតសមត្ថភាព យុត្តិធម៌ ស្អាតស្អំ សុចរិត ក្នុងការដណ្តើមមេដាយជូនជាតិ និងទី៣. មិនត្រូវប្រើប្រាស់សារធាតុ ដែលហាមឃាត់ដោយWADA ។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានផ្តល់អនុសាសន៍ ចំនួន៥ចំណុច ដល់អគ្គនាយកដ្ឋានកីឡា និងអង្គភាពក្រោមឱវាទ រួមមាន ៖ទី១. ស៊ីហ្គេមលើកនេះ មិនមែនជាគោលដៅបញ្ចប់ ក្នុងការលើកកម្ពស់អនុ វិស័យអប់រំកាយ និងកីឡានោះទេ ទី២. ត្រូវមានសាមគ្គីភាពក្នុងការងារ ពោលគឺរួមគិត រួមធ្វើ រួមគ្នាទទួលខុសត្រូវ ទី៣. ទប់ស្កាត់អោយបាន នូវទំនាស់ផលប្រយោជន៍ និងទី៤. បន្តអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ(AP) របស់អង្គភាពសាមីនីមួយៗ និងទី៥. សហការការងារក្នុងកម្រិតបច្ចេកទេសជាមួយនឹងCAMSOK ។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា ក៏បានផ្តល់អនុសាសន៍ ចំនួន ២ចំណុច ដល់សហព័ន្ធកីឡាជាតិ រួមមាន ៖ ទី១ សូមឲ្យសហព័ន្ធទាំងអស់ អនុវត្តការប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់ជូន ប្រកបដោយប្រសិទ្ធភាពគណនេយ្យភាព និងតម្លាភាព ទី២. បន្តអភិវឌ្ឍកម្រិតបច្ចេកទេសប្រភេទកីឡារបស់ខ្លួន ឱ្យបានប្រសើរជាងមុន ព្រោះថាស៊ីហ្គេមឆ្នាំនេះ មិនមែនជាគោលដៅដែលយើងត្រូវបញ្ចប់នោះទេ។

ការផ្តល់អនុសាសន៍របស់ឯកឧត្តម ស សុខា ខាងលើនេះ ធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតី តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ អង្គភាព ចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ  និងអត្តពលិក នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ៕ ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *