សម្រុកដឹកឈើចេញពីព្រៃឡង់ ចូលក្រុមហ៊ុនស៊ី​ង បាយ​អូ​ថេក , ឯកឧត្ដម សៅ សុខា បញ្ជាបង្ក្រាបនិងចាប់ឱ្យបាន

ក្រចេះ ៖ បន្ទាប់ពីមានសេចក្ដីរាយការណ៍ មានគោយន្ត​កន្ត្រៃ​ប្រមាណ​ជិត​២០០​គ្រឿង សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ក្នុង​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ដឹក​ចូល​ក្រុមហ៊ុនស៊ី​ង បាយ​អូ​ថេក ក្នុង​ ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរទាំងយប់ទាំងថ្ងៃ កាលពីថ្ងៃទី២៤និង២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម សៅ សុខា បានដាក់បទ បញ្ជាបង្ក្រាបឱ្យបានទាំងអស់ និងចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើស យកមកផ្តន្ទាទោសតាមច្បាប់ ទោះត្រូវប្រឈមដោយអាវុធ ក៏ត្រូវបង្ក្រាបឱ្យបាន ។ 

ឯកឧត្តម​ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី២៥ បានចេញបញ្ជាភ្លាមៗ បញ្ជូនកម្លាំងមួយក្រុមធំ ចេញពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ( ភ្នំជុំសែនរីករាយ ) ប្រដាប់ដោយអាវុធគ្រប់ដៃ និងអាវុធផ្សេងទៀត សម្ដៅធ្វើយ៉ាងណា បង្រ្កាបក្រុមប្រព្រឹត្តបទល្មើសទាំងនោះ និងរឹបអូសវត្ថុតាងមករក្សាទុកឱ្យបាន ។ ក្នុងករណីក្រុមជនល្មើស មានអាវុធតដៃ កម្លាំងយើងត្រូវតែតបត គ្មានឱ្យជនល្មើសណាម្នាក់រួចខ្លួននោះទេ ។ 

ក្នុងបទបញ្ជានោះ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា ទោះមានអ្នកចេញមុខមកការពារ ឬចេញមកកាង ក៏មិនត្រូវខ្លាចដែរ ព្រោះវាជាបទល្មើសដែលមិនអាចអត់ឱនឱ្យបាន បំពានដដែលៗ ប្រឆាំងទៅនឹងបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ។ ក្នុងករណីឈើទាំងនោះយកទៅលាក់ទុកនៅទីណា ឬផ្ទះអ្នកណា ក៏ត្រូវចូលចាប់រឹបអូសឱ្យបាន ។ 

សូមជម្រាបថា សេចក្ដីរាយការណ៍ពីពលរដ្ឋឱ្យដឹងថា មេខ្យល់បានប្រើគ្រប់រូបភាព និងប្រើប្រជាជន ចូលទៅកាប់ព្រៃឈើ ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ រួមនឹងផ្ដល់សម្ភារៈអាច្រៀករួចជាស្រេច ដើម្បីដឹកជញ្ជូនចេញ តាមពេលវេលា ដែលគេកំណត់ យកទៅលក់ឱ្យ ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ។ សកម្មភាពមានស្ទើររាល់ថ្ងៃរាល់យប់ តែសកម្មភាពដែលពលរដ្ឋថតបាន គឺថ្ងៃទី២៤និង២៥ខែមេសានេះ ។ ពេលនោះសមត្ថកិច្ច​ ក៏​បាន​ចាប់គោយន្ត​ចំនូ​ន​១៥​គ្រឿង ដែល​កំពុង​ដឹកឈើ​បំណងចូលទៅ​លក់​ ឲ្យ​ក្រុមហ៊ុន ស៊ី​ងបាយ​អូ​ថេក ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *