ជនសង្ស័យ២នាក់ ហែកបន្ទប់ឃុំឃាំង នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រត់គេចបាត់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ហែកបន្ទប់ឃុំឃាំង នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ខណៈមេឃកំពុងភ្លៀងខ្លាំងកាលពីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ រត់គេចបាត់ ។ ជនសង្ស័យទាំង២នាក់ ម្នាក់ជនជាតិបរទេស ម្នាក់ជាជនជាតិខ្មែរ ជាប់បទល្មើស២ផ្សេងគ្នា ។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោកឧត្ដមសេនីយត្រី សាន សុខសីហា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦នេះថាពិតជាមានករណីនេះមែន ជនសង្ស័យទី១ជាជនជាតិបរទេស ជាប់ពីបទ ឧក្រិដ្ឋកម្មសម្លាប់មនុស្សដោយចេតនា និងជនសង្ស័យជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីលួចរថយន្ត ឡង់រ៉ូវើ ពីមូលដ្ឋានខណ្ឌឫស្សីកែវ គេចខ្លួនដល់ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់បាន បញ្ជូនខ្លួនមកឃុំ ជាបណ្តោះអាសន្ន នៅអធិការដ្ឋានវិញ ។ 

លោកបន្តថា តាមព័ត៌មានដែលលោកទទួលបាន ខណៈមេឃភ្លៀងខ្លាំង ពេលនោះនៅក្នុងអធិការក៏ដាច់ភ្លើងមួយសន្ទុះមក ក៏មានការឆោរឡោអ្នកទោសរត់តែម្ដង ។ តាមជាក់ស្ដែង ចំរឹងបន្ទប់ឃុំឃាំងបានរបើក ផ្នែកខាងក្រោមល្មមអាចលូនចេញបាន ។ ពេលនេះ បសមត្ថកិច្ចកំពុងតាមរក ចាប់ខ្លួនមកវិញ ៕ ដោយ ៖ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *