រថយន្តបើកបុកម៉ូតូ បណ្ដាលឱ្យបាត់បង់ជីវិតម្នាក់ និង រងរបួសធ្ងន់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៦អា

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង និង បុរសម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយពីមានរថយន្តម៉ាកកូរ៉េមួយគ្រឿងមិនចាំស្លាកលេខបានបុកម៉ូតូធុនធំពេញទំហឹង កើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចទល់មុខវត្តបាក់ខែង តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញ ម៉ូតូធុនធំមួយគ្រឿង ម៉ាក KTM Duke (ឌួក) ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GZ-3118 បើកបរដោយបុរសម្នាក់និងរួមដំណើរបុរសម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ តាមបណ្តោយផ្លូវបេតុងចេញពីក្នុងវត្តបាក់ខែងក្នុងទិសដៅពីកើតមកលិច ។

ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តម៉ាកកូរ៉េមួយគ្រឿងមិនចាំស្លាកលេខបើកតាមបណ្តោយផ្លូវជាតិលេខ៦A មានទិសដៅពីជើងមកត្បូងបាន បត់រថយន្តចូលក្នុងវត្តបាក់ខែង ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់បោកក្បាលបែកបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង និងរងរបួសធ្ងន់បុរសម្នាក់ទៀតត្រូវបានរថយន្តគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ភ្លាមនោះរថយន្តកូរ៉េមិនបានឈប់នៅកន្លែងកើតហេតុនោះទេ គឺបានបើករត់គេចបាត់ បន្សល់តែជនរងគ្រោះនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និង រាយការណ៍បន្តទៅសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក ចុះមកវាស់វែងយកម៉ូតូជនរងគ្រោះយកទៅរក្សាទុក ដើម្បីរង់ចាំប្រគល់ជូនក្រុមគ្រួសារសពវិញ ហើយសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សពឱ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយក ។ចំណែករថយន្តបង្កសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *