រដ្ឋមន្ត្រីការបរទេសអាមេរិកនិយាយថា «គូប្រជែង នៅស៊ូដង់ យល់ព្រមលើបទឈប់បាញ់៧២ម៉ោង»

បរទេស ៖ លោក អ៊ែនថូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ឧត្តមសេនីយ៍ ដែលកំពុងប្រយុទ្ធគ្នារបស់ស៊ូដង់ បានយល់ព្រមលើបទឈប់បាញ់រយៈពេល ៧២ ម៉ោង ដោយចាប់ផ្តើមពីថ្ងៃអង្គារទី២៥មេសាឆ្នាំ២០២៣បន្ទាប់ពីការប្រយុទ្ធគ្នាក្នុងទីក្រុងរយៈពេល ១០ ថ្ងៃបានសម្លាប់មនុស្សរាប់រយនាក់ របួសរាប់ពាន់នាក់ និង បង្កឱ្យមានការជម្លៀសជនបរទេសយ៉ាងច្រើន ។

លោកប្លីងកិនបាននិយាយថា «បន្ទាប់ពីការចរចាដ៏ខ្លាំងក្លារយៈពេល៤៨ម៉ោងកន្លងមក កងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និង កងកម្លាំងគាំទ្ររហ័ស (RSF) បានយល់ព្រមអនុវត្តបទឈប់បាញ់ទូទាំងប្រទេស ដែលចាប់ផ្តើមនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ២៤ ខែមេសា ដែលមានរយៈពេល៧២ម៉ោង» ដែលការប្រឹងប្រែងពីមុនដើម្បីផ្អាកជម្លោះបានបរាជ័យ ។ សេចក្តីថ្លែងការណ៍របស់លោកប្លីងកិនបានកើតឡើងពីរម៉ោងមុនពេលបទឈប់បាញ់ត្រូវចូលជាធរមានចាប់ពីម៉ោង២២ថ្ងៃចន្ទ។

លោក អង់តូនីញ៉ូ គូថេរ៉េស អគ្គលេខាធិការអ.ស.ប.បានព្រមានមុននេះថា «ប្រទេសស៊ូដង់កំពុងស្ថិតនៅលើមាត់ជ្រោះដ៏ជ្រៅ ហើយថា អំពើហិង្សាអាចហ៊ុមព័ទ្ធតំបន់ទាំងមូល និងហួសពីនេះទៅទៀត»

ចំពោះការប្រយុទ្ធគ្នានេះបានធ្វើឱ្យកងកម្លាំងស្មោះត្រង់នឹងមេទ័ព អាប់ឌែល ហ្វាតតា អាល់ បឺហាន (Abdel Fattah al-Burhan) ប្រឆាំងនឹងអតីតអនុប្រធានរបស់គាត់គឺលោក ម៉ូហាម៉េដ ហាមដាន់ ដាកឡូ (Mohamed Hamdan Daglo) ដែលបញ្ជាកងជីវពល RSF។

ចំណែកកងជីវពល RSF គឺកើតចេញពីកងជីវពលចានចាវីដ (Janjaweed) ដែលប្រធានាធិបតីជំនាន់នោះ លោក អូម៉ា អាល់ បាសៀ (Omar al-Bashir) បានបង្កើតឡើងនៅតំបន់ដាហ្វួ (Darfur) ជាហេតុនាំឱ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងលោកបាសៀនិងអ្នកដទៃទៀត។

កម្លាំងសេរីភាពនិងការផ្លាស់ប្តូរ ជាប្លុកស៊ីវិលដ៏សំខាន់ដែលត្រូវមេទ័ពទាំងពីរទម្លាក់ចេញពីអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ បាននិយាយថា បទឈប់បាញ់នឹងអនុញ្ញាតឱ្យមាន «ការសន្ទនាលើទម្រង់នៃបទឈប់បាញ់ជាអចិន្ត្រៃយ៍»។

យោងតាមទីភ្នាក់ងារអ.ស.បនានាបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤២៧ នាក់បានស្លាប់ និងជាង ៣.៧០០នាក់បានរងរបួស៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *