បាក់ច្រាំងទន្លេនៅស្រុកស្អាង បណ្ដាលប៉ះពាល់ផ្ទះ៤០ខ្នង , មូលហេតុមកពី ទឹកទន្លេស្រកចុះ

កណ្ដាល ៖ លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ៤០ខ្នងផ្ទះ បានរងផលប៉ះពាល់ ក្នុងហេតុការណ៍គ្រោះមហន្តរាយ បាក់ច្រាំងទន្លេបាសាក់ កាលពីរសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅផ្សារស្អាងខាងជើង ក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ។ 

អភិបាលរងខេត្តកណ្ដាល លោក ហាក់ សុខមករា បានឱ្យដឹងថា  ដោយមានការបញ្ជាផ្ទាល់ ពី ឯកឧត្តម អភិបាលខេត្ត លោកបានដឹកនាំកងកម្លាំង ដោយមានកិច្ចសហការជាមួយក្រុមការងាររុករក និងសង្គ្រោះ របស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយចុះពិនិត្យស្ថានភាព នៃការបាក់ច្រាំងទន្លេបាសាក់ និងអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ។ 

លោកបានឱ្យដឹងទៀតថា ការបាក់ច្រាំងទន្លេនេះ បានបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋ ចំនួន៤០ខ្នងផ្ទះ ស្មើរនឹង២១គ្រួសាររងផលប៉ះពាល់ ក្នុងនោះផ្ទះដែលរលំទាំងស្រុងមានចំនួន០២ខ្នងផ្ទះ ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន២៨ខ្នងផ្ទះ និងផ្ទះដែលប៉ះពាល់ស្រាលមានចំនួន១០ខ្នងផ្ទះ មិនបណ្ដាលរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ។

លោកបន្តថា ការបាក់ស្រុតច្រាំងទន្លេបាសាក់នេះដែរ បណ្ដាលមកពីទឹកទន្លេបានស្រកចុះ ទើបបណ្ដាលឱ្យមានការទាញដី ទើបធ្វើឱ្យមានការប៉ះពាល់ដល់លំនៅដ្ឋាន ដែលរស់នៅលើច្រាំងទន្លេ ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំង ដែលជាហេតុធ្វើឱ្យមានការបាក់ស្រុតជាជម្រាកៗតែម្ដង ។ 

លោកបានចូលរួមសោកស្ដាយ ចំពោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយការបាក់ស្រុតច្រាំងទន្លេបាសាក់នេះ ដែលគ្មានអ្នកណាម្នាក់ចង់ឱ្យហេតុការណ៍នេះ កើតឡើងលើប្រជាពលរដ្ឋរបស់យើង ណាម្នាក់ឡើយ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *