អ្នកការទូត កំពុងភៀសខ្លួនចេញពី ការប្រយុទ្ធគ្នានៅស៊ូដង់

បរទេស ៖ រដ្ឋាភិបាលបរទេសនានា បានជម្លៀសអ្នកការទូត បុគ្គលិក និង អ្នកផ្សេងទៀតចេញពីប្រទេសស៊ូដង់កាលពីថ្ងៃអាទិត្យ ទី២៣ មេសា ឆ្នាំ២០២៣ ខណៈឧត្តមសេនីយ៍ ជាគូប្រជែងបានប្រយុទ្ធអស់រយៈពេល៩ថ្ងៃ ដោយគ្មានសញ្ញានៃបទឈប់បាញ់ ដែលបានប្រកាសសម្រាប់ថ្ងៃឈប់សម្រាកដ៏សំខាន់ របស់មូស្លីមឡើយ។

សហរដ្ឋអាមេរិកនិងអង់គ្លេស បានបញ្ជូនអ្នកការទូតរបស់ពួកគេចេញពីរដ្ឋធានីកាទុំ នៃប្រជាជនស៊ូដង់ កំពុងពិបាកគេចចេញពីភាពវឹកវរ ដែលមនុស្សជាច្រើនបានប្រថុយនឹងផ្លូវគ្រោះថ្នាក់ ដើម្បីឆ្លងកាត់ព្រំដែនភាគខាងជើង ចូលទៅក្នុងប្រទេសអេហ្ស៊ីប។

លោក អាមចាដ អាប៊ូអាល់ អាឡា (Amjad Abual-Ala) ផលិតករភាពយន្តស៊ូដង់ដ៏ល្បីល្បាញ បានសរសេរនៅលើហ្វេសប៊ុកថា «គ្រួសាររបស់ខ្ញុំ ម្តាយ បងប្អូនបង្កើត និងក្មួយប្រុសរបស់ខ្ញុំ បានស្ថិតនៅលើផ្លូវពីប្រទេសស៊ូដង់ ទៅកាន់ទីក្រុងគែរ តាមរយៈទីក្រុងអាស្វាន (Aswan)»។

ចំណែកអ្នកស្រុកបាននិយាយថា «ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងទីក្រុងអូមឌួមែន (Omdurman) ជាទីក្រុងស្ថិតនៅត្រើយម្ខាងនៃទន្លេនីលពីទីក្រុងកាទុំ ត្បិតមានក្តីសង្ឃឹម សម្រាប់បទឈប់បាញ់ស្របពេលជាមួយនឹងថ្ងៃឈប់សម្រាករបស់មូស្លីម រយៈពេលបីថ្ងៃនៃពិធីបុណ្យអ៊ីដអាល់ហ្វីត (Eid al-Fitr)»។

លោក អាមីន អាល់ ថាយ៉េត (Amin al-Tayed) បាននិយាយពីផ្ទះរបស់គាត់នៅជិតទីស្នាក់ការទូរទស្សន៍រដ្ឋក្នុងទីក្រុងអូមឌួមែនថា «យើងមិនបានឃើញបទឈប់បាញ់បែបនេះទេ» ។ លោកបានបន្ថែមថា «ការបាញ់កាំភ្លើងធំនិងការផ្ទុះបានលាន់កក្រើកទីក្រុង»។

មានមនុស្សជាង ៤២០ នាក់ រួមទាំងជនស៊ីវិល ២៦៤ នាក់ត្រូវបានបាត់បង់ជីវិត និងជាង ៣.៧០០ នាក់បានរងរបួសនៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និង កងជីវពល ដ៏មានឥទ្ធិពលដែលគេស្គាល់ថា «កងកម្លាំងគាំទ្ររហ័ស ឬ RSF»។

RSF បាននិយាយថា កងកម្លាំងប្រដាប់អាវុធបានបើកការវាយប្រហារតាមអាកាស ទៅលើសង្កាត់កាហ្វួរី (Kafouri) ភាគខាងជើងនៃទីក្រុងកាទុំ។ មិន​មាន​ការ​អត្ថាធិប្បាយ​ពី​កងទ័ព​ភ្លាមៗ​ទេ។

ការច្បាំងគ្នាកំពុងបន្តនេះបានប៉ះពាល់ដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់ ដោយបំផ្លាញយន្តហោះស៊ីវិលនិងខូចខាតផ្លូវរត់មួយ ហើយផ្សែងខ្មៅក្រាស់ បានហុយឡើងពីលើអាកាសយានដ្ឋាននេះ។ អាកាសយានដ្ឋានផ្សេងទៀតក៏ត្រូវបានបិទដំណើរការផងដែរ។

លោក យ៉ូសេប បូរែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានបង្ហោះសារលើ Twitter ថា «លោកបាននិយាយជាមួយមេបញ្ជាការជាគូប្រជែង ដោយជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីការពារជនស៊ីវិលនិងការជម្លៀសពលរដ្ឋសហភាពអឺរ៉ុប»៕

Leave a Reply

Your email address will not be published. Required fields are marked *