ខឹងរោរ៍បំពងសម្លេងម៉ូតូរំខាន ព្រួតគ្នាវាយបំផ្លាញ ទ្រព្យសម្បត្តិ សមត្ថកិច្ចឃាត់ខ្លួន៣នាក់ នៅក្រុងសែនមនោរម្យ

មណ្ឌលគិរី ៖ មានករណីក្រុមក្មេងទំនើង០១ក្រុម បានប្រើអំពើហិង្សាវាយបំផ្លាញ ទ្រព្យសម្បត្តិម៉ូតូ អ្នកដទៃ បង្កឡើងនៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ ប្រាជ្ញ ញឹង ស្ថិតនៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង១០និង២៤នាទីយប់ រហូតដល់ថ្ងៃទី២២មេសាឆ្នាំ២០២៣ ទើបសមត្ថកិច្ចចាប់ខ្លួនបាន៣នាក់ ។

សមត្ថកិច្ចបន្តថា ក្រោយពីបានទទួលដំណឹងនេះភ្លាម កម្លាំងនគរបាល ក្រុងសែនមនោរម្យបានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលរមនា បានចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលា ១រសៀល កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាប និងចាប់ឃាត់ខ្លួនជនសង្ស័យដែលជាក្រុមក្មេងទំនើង បាន៣នាក់ នៅត្រង់ចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបន្តថា ជនសង្ស័យជាក្រុមក្មេងទំនេីងរួមមាន ១-ឈ្មោះ ផេង ម៉ាឃីត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរចាំចម្ការ មានទីលំនៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ, ២-ឈ្មោះ ផេង ហុង ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យនិង ៣-ឈ្មោះ វុត ចិត្រាភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ។ វត្ថុតាងរឹបអូសរួមមាន ម៉ូតូ ០១គ្រឿង និង ដាវ ០១ដើម ។ មូលហេតុ មានគំនុំរឿងជនរងគ្រោះជិះម៉ូតូ រោរ៍បំពងសម្លេងរំខាន ។

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌ ក្រុងសែនមនោរម្យ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីចាត់ការទៅតាមនីតិវិធី៕ដោយ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *