ឃាត់ជនសង្ស័យ៤នាក់ ឆក់កាបូបតាមផ្លូវសាធារណៈ ធ្វើឱ្យជនរងគ្រោះដួល

ព្រះវិហារ ៖ ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នាថ្ងៃទី២២មេសាឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើសកម្មភាព ឆក់កាបូបតាមដងផ្លូវ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រ139-140 លើផ្លូវជាតិ៦២ ស្ថិតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យទាំង៤នាក់រួមមាន ១-ឈ្មោះសាត់ នុរង្គនាថ ភេទប្រុស អាយុ១៤ឆ្នាំ, ២-ឈ្មោះម៉ុលសារ៉ាត់ ភេទប្រុស អាយុ១៤ឆ្នាំ, ឈ្មោះចៀក តុងហេង ភេទប្រុស អាយុ១៦ឆ្នាំនិង៤-ឈ្មោះប៊ុនសាទ វីរៈបុត្រភេទប្រុស អាយុ១៨ឆ្នាំ ។ រឹបអូសម៉ូតូ២គ្រឿង ម៉ាកហុងដា សេ១២៥ពណ៌ខ្មៅ ស្លាកលេខកំពង់ចាម 1P-7480និងម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ 1B-7581 ។

សមត្ថកិច្ចបន្តថា ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ  ថាមានករណីឆក់កាបូបកាលពីថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រ139-140 លើផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យមានក្រុមក្មេងមិនស្គាល់អត្តសញ្ញាណមានគ្នា ៤នាក់ ម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ តែមិនបានសម្រេចហើយបណ្តាលឱ្យដួលម៉ូតូជនរងគ្រោះធ្ងន់ធ្ងរ។

 បន្ទាប់ពីទទួលបណ្តឹង នឹងទទួលរបាយការណ៍ពីលោកអធិការនគរបាលស្រុកត្បែងមានជ័យ បានសហការជាមួយកម្លាំងជំនាញខេត្ត ដើម្បីធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មានជាបន្ទាន់ តាមបទបញ្ជា របស់លោកស្នងការនគរបាលខេត្តរហូតឈានដល់ការកំណត់មុខសញ្ញានឹងចាប់ខ្លួនជនសង្ស័យបាន៤នាក់ ម៉ូតូចំនួន២គ្រឿងនៅថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣ ។

បច្ចុប្បន្នជនទាំង៤នាក់សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *