ឧកញ៉ា ជា សារ៉ន និងបក្សពួកសរុប ៩នាក់ ត្រូវបានឯកឧត្តម ម៉ៅ ធនិន បញ្ជាអោយឃុំខ្លួនសិន

កំពត ៖ ប្រភពបង្ហើបឱ្យដឹងរសៀលនេះថា ឧកញ៉ា ជា សារ៉ន និងបក្សពួកសរុបទាំងអស់៩នាក់ ត្រូវបានឯកឧត្តម ម៉ៅ ធនិន បញ្ជាឱ្យឃុំខ្លួនសិន បន្ទាប់ពីសាកសួររកឬសគល់ និងស្ដាប់ពីការរៀបរាប់ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងស្ដាប់ការលើកឡើងរបស់ឧកញ៉ា ជា សារ៉ន អគ្គនាយកក្រុមហ៊ុន ជាសារ៉នគ្រុបរួច  ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវសាឯម ប្រធានក្រុមប្រឹក្សាខេត្ត បាន​បើកវេទិកា ដោញស្រាយបញ្ហា​ប្រឈម​ជូន​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​បរិវេណ​វត្ត​អង្គ​ឈូក​ ឃុំ​ឈូក​ ស្រុក​ឈូក​ ខេត្ត​កំពត​ ជាមួយ ក្រុមហ៊ុន ជា សារ៉ន ។ 

ប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ភាគច្រើនជាអ្នកក្រខ្សត់ សរុបប្រមាណ៦០០០នាក់ បានមកដល់ ​បរិវេណ​វត្ត​អង្គ​ឈូក ដែលម្នាក់ៗសុទ្ធតែអះអាងថា ចាញ់បោកក្រុមហ៊ុនមួយនេះ អស់ម្នាក់ៗរាប់ពាន់ រាប់ម៉ឺនដុល្លារ ។ ពលរដ្ឋទាំងនោះជម្រាបជូនអភិបាលថា ក្រុមភ្នាក់ងារក្រុមហ៊ុនមួយនេះ បានប្រើគ្រប់ល្បិច គ្រប់រូបភាព ដើម្បីជម្រុញឱ្យពួកគាត់ ដាក់ប្លង់ដី ប្លង់ផ្ទះ យកលុយមកវិនិយោគទិញដីឡូតិ៍របស់គេ ។ 

ទោះពលរដ្ឋនិយាយថា ពួកគាត់ខ្ចីធនាគារបាន ក៏គ្មានលទ្ធភាពបង់ដែរ ប៉ុន្តែក្រុមគេទាំងនោះ ហ៊ានសន្យាម៉ាត់ៗថា កុំខ្វល់រឿងអត់លង់បង់ បើខ្វះពួកគេបង់ជំនួសក៏បាន តែចុងក្រោយគ្មានទេ គឺពួកគាត់រងថ្មបាក់ទាំងអស់ ការចំណេញព៏ដីឡូតិ៍ក៏គ្មាន អ្វីៗក៏គ្មាន ។ពលរដ្ឋខ្លះពិការរាងកាយ ពលរដ្ឋខ្លះចាស់ជរា ខ្លះពិកាទាំងផ្នែកស្មារតី ពលរដ្ឋខ្លះក្រ រកអង្ករច្រកឆ្នាំងគ្មានក៏មាន ត្រូវពួកគេលួងលោមប្រើគ្រប់វិធី ប្រើគ្រប់កលល្បិច មកចូលអន្ទាក់ទាំងអស់គ្នា ៕ ដោយ ៖ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *