ចាប់ផ្តើមលក់នៅសហរដ្ឋអាមេរិកហើយ កាំភ្លើងឆ្លាត ដែលដំណើរការតាមរយៈកម្មវិធីសម្គាល់ផ្ទៃមុខ

បរទេស ៖ កាំភ្លើងឆ្លាតវៃ ដែលផលិតដោយក្រុមហ៊ុន Biofire Tech ដែលមានមូលដ្ឋាននៅរដ្ឋខូឡូរ៉ាដូ (Colorado) កំពុងទទួលការបញ្ជាទិញ ដោយផ្អែកលើបច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខ ជាការអភិវឌ្ឍចុងក្រោយបំផុត នៅក្នុងអាវុធផ្ទាល់ខ្លួនដែលអាចបាញ់ចេញបានលុះត្រាតែបាញ់ដោយអ្នកប្រើប្រាស់ ដែលបានផ្ទៀងផ្ទាត់ប្រវត្តិរូបរួចរាល់ច្បាស់លាស់។

ក្នុងសញ្ញានៃមាគ៌ាវែងឆ្ងាយនិងលំបាកដែលកាំភ្លើងឆ្លាតវៃប្រឈមមុខ កាំភ្លើងគំរូមួយខកខានក្នុងការបាញ់ពីរដងនៅពេលបង្ហាញឱ្យទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឃើញ ក្នុងសប្តាហ៍នេះ។

ចំណែកស្ថាបនិកក្រុមហ៊ុននិងជានាយកប្រតិបត្តិលោក កៃ ក្លូបហ្វើ (Kai Kloepfer) បាននិយាយថា «សូហ្វវែនិងគ្រឿងអេឡិចត្រូនិចត្រូវបានសាកល្បងយ៉ាងពេញលេញ ហើយបរាជ័យនោះគឺទាក់ទងទៅនឹងកាំភ្លើងមេកានិកដែលផលិតចេញពីគ្រឿងបង្គុំ មុនផលិតកម្មនិងគ្រឿងបន្លាស់ដើម»។ នៅគ្រាផ្សេងទៀតក្នុងអំឡុងពេលបង្ហាញនោះ អាវុធបានបាញ់ចេញដោយជោគជ័យ ហើយបច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខ ហាក់ដំណើរការពេញលេញ។

សូមបញ្ជាក់ថា កាំភ្លើងរបស់ក្រុមហ៊ុន Biofire ក៏អាចប្រើបានដោយកម្មវិធីស្កែនក្រយៅដៃផងដែរ ជាផ្នែកមួយនៃមុខងារកាំភ្លើងឆ្លាតវៃជាច្រើនដែលរចនាឡើងដើម្បីចៀសវាងការបាញ់ដោយចៃដន្យដោយកុមារ កាត់បន្ថយការធ្វើអត្តឃាត ការពារប៉ូលិសពីការកញ្ឆក់យកកាំភ្លើង ឬ ធ្វើឱ្យកាំភ្លើងដែលបាត់បង់និងត្រូវចោរលួចប្រើលែងកើត។

ក្រុមហ៊ុន Biofire បាននិយាយថា កំណែកាំភ្លើងដែលត្រៀមរួចជាស្រេចសម្រាប់អ្នកប្រើប្រាស់ដំបូងនៃកាំភ្លើង៩មិល្លីម៉ែត្រ អាចនឹងដឹកទៅឱ្យអតិថិជនដែលបានបញ្ជាទិញជាមុននៅត្រីមាសទី ៤ នៃឆ្នាំនេះ ជាមួយនឹងគំរូស្តង់ដារតម្លៃ ១.៤៩៩ ដុល្លារ នឹងអាចរកទិញបាននៅត្រីមាសទី ២ ឆ្នាំ ២០២៤ខាងមុខ ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *