ឯកឧត្ដម ខៀវ កាញារីទ្ធ ៖ អ្នកសារព័ត៌មាន មិនត្រូវទាក់ទាញចំណាប់អារម្មណ៍ លើសោកនាដកម្មឬទុក្ខសោកអ្នកដទៃនោះទេ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងពីហ្វេសបុក ឯកឧត្ដម ជុំ កុសល ដែលថាសារព័ត៌មានបានទៅសួរសំនួរ ឪពុករបស់ជនរងគ្រោះ ដែលកូនត្រូវគេសម្លាប់ តើមានអារម្មណ៍បែបណានោះ ? គឺសារព័ត៌មានមួយនោះ បានធ្វើខុសហើយ ហើយម៉្យាងទៀតអ្នកសារព័ត៌មាន ក៏មិនត្រូវចង់បានការទាក់ទាញចំណាប់អារម្មណ៍ លើសោកនាដកម្ម ឬទុក្ខសោកអ្នកដទៃនោះដែរ ។ 

ឯកឧត្ដមបានមានប្រសាសន៍លើកឡើង ក្នុងវេទិកាពិភាក្សាវែកញែកស្តីពី «ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន» ដែលបានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំដោយមានការចូលរួម ពីសារព័ត៌មានជើងចាស់ ដែលមានបទពិសោធន៍ ទាំងខ្មែរនិង បរទេសមកពី បារាំង អូស្រ្តាលីអាឡឺម៉ង់ អេស្បាញ និងថៃ ប្រមាណ១០រូប និងចាងហ្វាង និពន្ធនាយក ការីនិពន្ធ និងអ្នកសារព័ត៌មានប្រហែល៦០០នាក់ ។ 

ក្នុងន័យប្រហាក់ប្រហែលគ្នានេះ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា ក៏បានលើកឡើងឧទាហរណ៍ករណីមួយ ពីរូបភាពបរទេសដែលបង្ហាញពីអ្នកសារព័ត៌មាន ទៅសួរសំនួរពីជនរងគ្រោះកំពុងរងរបួសធ្ងន់ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ ដោយលោកបានពន្យល់ថា នេះការរំលោភនូវក្រមសីលធម៌ ដែលអ្នកសារព័ត៌មានត្រូវជៀសវាង ។ 

លោក ពុយ គា សង្កត់ធ្ងន់ថា «ពិតណាស់អ្នកសារព័ត៌មាន មានសិទ្ធិសួរនូវសំនួរ តែសំនួរដែលត្រូវចោទសួរនោះ ក៏ស្ថិតក្នុងដែនក្រមសីលធម៌ និងគុណធម៌ដែរ»៕ ដោយ ៖ ហៃ សុករ៉ា

Leave a Reply

Your email address will not be published. Required fields are marked *