ប្រធានក្លឹបអ្នកកាសែតកម្ពុជា ៖ អ្នកសារព័ត៌មាន មានតួនាទីសំខាន់ ក្នុងការ ស្វែងរកការពិត

ភ្នំពេញ ៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ពុយ គា បានលើកឡើងថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ ក្នុងការ ស្វែងរកការពិត និងគោរពឱ្យបាននូវក្រមសីលធម៌ ព្រោះ  ក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការ ប្រតិបត្តិវិជ្ជាជីវ:របស់អ្នកសារព័ត៌មានក្នុងការងារប្រចាំថ្ងៃ ។ 

លោកបានលើកឡើងក្នុង វេទិកាពិភាក្សាវែកញែកស្តីពី “ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន” បានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពី ចាងហ្វាង និពន្ធនាយក ការីនិពន្ធ និងអ្នកសារព័ត៌មានប្រហែល៦០០នាក់ ។ 

លោក ពុយ គា បានលើកឡើងបង្ហាញ ពីក្រមសីលធម៌ដែលតាក់តែង ដោយក្លិបអ្នកកាសែតកម្ពុជា មានចំនួន៩ប្រការ ដោយប្រការជាគោលទី១ ៖ គឺការស្វែងរកនិងរាយការណ៍ព័ត៌មាន ដោយឈរលើគោលការណ៍ការពិតជាក់លាក់ ប្រកបដោយសេចក្ដីថ្លៃថ្នូ , ទី២៖ ការទទួលខុសត្រូវ លើការចុះផ្សាយរបស់ខ្លួន តាមច្បាប់សារព័ត៌មាន , ទី៣ ៖ ត្រូវរក្សាការសម្ងាត់ជូនប្រភព និងជៀសវាងប៉ះពាល់ដល់ សេចក្ដីថ្លៃថ្នូ កិត្តិយស និងសុវត្ថិភាពរបស់បុគ្គលជាម្ចាស់ប្រភព , ទី៤ ៖ សិទ្ធិឯកត្តបុគ្គល , ទី៥ ៖ ការគោរពសិទ្ធិស្រ្តី កុមារ និងជនពិការភាព , ទី៦ ៖ ការរើសអើង , ទី៧ ៖ ការសូកប៉ាន់ ,ទី៨ ៖ ការរាយការណ៍ពីអំពើបទល្មើស ត្រូវធ្វើបុរេវិនិច្ឆ័យក្នុងអត្ថបទ ឬសេចក្ដីរាយការណ៍ អំពីបទឧក្រិដ្ឋកំពុងស្ថិតក្រោមការស៊ើបអង្កេត និងចៀសវាងផ្សាយលម្អិត ការប៉ុនប៉ងធ្វើឃាត ការធ្វើឃាត ដែលមានលក្ខណៈហួសប្រមាណ និង​ ទី៩ ៖ តួនាទីនិងគុណធម៌ ក្នុងកាលៈទេសៈខ្លះ អ្នកសារព័ត៌មាន គួរពិចារណាត្រូវជួយសង្គ្រោះជនរងគ្រោះ ជាមុន ប្រសិនបើស្ថិតក្នុងស្ថានការណ៍ចាំបាច់ ដែលជនរងគ្រោះត្រូវការជំនួយភ្លាមៗ ឬត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយជនរងគ្រោះ ។ 

សូមជម្រាបថា វេទិកាពិភាក្សាវែកញែកស្តីពី “ការពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មាន” ដោយមានការចូលរួម ចែករំលែកបទពិសោធន៍ ពីសារព័ត៌មានជើងចាស់ ដែលមានបទពិសោធន៍ ទាំងខ្មែរនិង បរទេសមកពី (បារាំង អូស្រ្តាលី អាឡឺម៉ង់ អេស្បាញនិងថៃ) ប្រមាណ១០រូប និងទទួលអនុសាសន៍ពីឯកឧត្ដមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ដែលជាគណៈអធិបតី ក្នុងអង្គពិធី ៕ដោយ ៖ ហៃ សុករ៉ា

Leave a Reply

Your email address will not be published. Required fields are marked *