ទីក្រុងកាទុំហ៊ុមព័ទ្ធ ដោយផ្សែងខ្មៅ ពីការបាញ់គ្រាប់ផ្លោងដាក់គ្នា រវាងកងទ័ពនិងកងជីវពល

បរទេស ៖ លោក អង់តូនីញ៉ូ គូថេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ទី២០មេសាឆ្នាំ២០២៣ ឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសស៊ូដង់ ខណៈការប្រយុទ្ធគ្នារវាងឧត្តមសេនីយ៍ជាគូប្រជែងទាំងពីររូបមិនបង្ហាញសញ្ញាថមថយ នៅមុនពិធីបុណ្យដែលកត់សម្គាល់ ពីការបញ្ចប់ខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដន របស់អ៊ីស្លាម។

ប្រធានអ.ស.ប ក៏បានជំរុញឱ្យមានបទឈប់បាញ់ «យ៉ាងហោចណាស់បីថ្ងៃ»ដើម្បីប្រារព្ធពិធីបុណ្យអ៊ីតអាល់ហ្វ៊ីត(Eid al-Fitr) ដែលចាប់ផ្តើមនៅថ្ងៃសុក្រទី២១មេសា ឆ្នាំ២០២៣ ខណៈការផ្ទុះនិងការបាញ់កាំភ្លើងបានបន្លឺឡើងនៅក្នុងរដ្ឋធានីរបស់ស៊ូដង់សម្រាប់រាត្រីទី ៦ ជាប់គ្នា។

មានមនុស្សជាង ៣០០ នាក់បានបាត់បង់ជីវិត ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍រវាងកងកម្លាំងដែលស្មោះត្រង់នឹងមេទ័ពរបស់ស៊ូដង់ លោក អាប់​ដែល ហ្វាត​តា អាល់​-​បឺ​ហាន ​(Abdel Fattah al-Burhan) និង ​អនុប្រធាន​របស់​លោក​ដែលជា​មេបញ្ជាការ​កងជីវពល​ដ៏​មាន​ឥទ្ធិពល ហៅថា «កងកម្លាំងគាំទ្ររហ័ស​ (RSF)​ លោក ម៉ូ​ហា​ម៉េដ ហាម​ដាន​ ដាកឡូ​ (Mohamed Hamdan Daglo)»។

ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតមួយចំនួនបានកើតឡើងនៅក្នុងរដ្ឋធានីកាទុំ ជាទីក្រុងដែលមានប្រជាជនចំនួន ៥ លាននាក់ ដែលភាគច្រើនបានស្នាក់នៅក្នុងផ្ទះដោយគ្មានអគ្គិសនី អាហារ ឬ ទឹកប្រើប្រាស់។ ខណៈដែលការប្រយុទ្ធបានបន្ត លោកបឺហានបានច្រានចោលការរំពឹងទុកសម្រាប់ការចរចាជាមួយលោកដាកឡូ ដោយប្រាប់ទូរទស្សន៍ Al Jazeera ថា «លោកមិនឃើញជម្រើសណាមួយក្រៅពីសកម្មភាព យោធាឥតរួញរា»។

លោកបានប្រាប់ទូរទស្សន៍ ដែលមានមូលដ្ឋាននៅកាតាថា «ខ្ញុំមិនគិតថាមានឱកាសណាមួយសម្រាប់ចរចានយោបាយម្តងទៀតជាមួយកងកម្លាំងគាំទ្ររហ័សនោះទេ។ លោកបើកចំហចំពោះការសម្រុះសម្រួល»។

កាលពីថ្ងៃព្រហស្បតិ៍ លោកបឺហានបានទទួលការហៅទូរសព្ទពី ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន(Recep Tayyip Erdogan) ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក សាល់វ៉ា កៀ (Salva Kiir) និង នាយករដ្ឋមន្ត្រីអេត្យូពីលោក អាប៊ី អាម៉េដ (Abiy Ahmed) ក៏ដូចជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក អារ៉ាប៊ីសាអូឌីត និងកាតា ។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ព។

បន្ទាប់ពីបទឈប់បាញ់ចំនួនពីរបានបរាជ័យក្នុងរយៈពេលពីរថ្ងៃ ការបាញ់កាំភ្លើងបានបន្តរហូតដល់យប់ថ្ងៃព្រហស្បតិ៍ដោយមានផ្សែងខ្មៅហុយទ្រលោមចេញពីអគារជុំវិញអាកាសយានដ្ឋានអន្តរជាតិកាទុំនិងទីស្នាក់ការកណ្តាលរបស់កងទ័ព។

លោក ណាហ្សេក អាប់ដាល់ឡា (Nazek Abdalla) អាយុ ៣៨ ឆ្នាំនៅភាគខាងត្បូងទីក្រុងកាទុំ បាននិយាយថា«អ្នករស់នៅក្នុងរដ្ឋធានីពិបាកដេកលក់ជិតមួយសប្តាហ៍ហើយ ហើយត្រូវបានដាស់ឱ្យភ្ញាក់ពីដំណេកដោយ សំឡេងលាន់ទ្រហឹងនៃយន្តហោះចម្បាំងនិងការវាយប្រហារតាមអាកាស។ យើង​បាន​ចាក់សោ​ទ្វារ​និង​បង្អួច​ដោយ​សង្ឃឹម​ថា​គ្មាន​គ្រាប់​កាំភ្លើង​ហើរមក​ត្រូវអគារ​របស់​យើង»៕(ប្រែសម្រួលដោយលោក សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *