សមត្ថកិច្ចចាប់បានហើយ ជនដៃដល់ ដែលសម្លាប់នារីម្នាក់ នៅក្រុងបាវិត

ភ្នំពេញ ៖ ជនដៃដល់ ដែលបានសម្លាប់នារីម្នាក់ នៅក្រុងបាវិត ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយ កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនបាន នៅវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នៅផ្ទះសំណាក់មួយ ក្នុងភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់ របស់ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន នគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំសហការជាមួយ នគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងព្រះវិហារ បានធ្វើការឃាត់ខ្លួនបានសម្រេច។

មុនសមត្ថកិច្ចទៅដល់ ជនសង្ស័យបានលេបថ្នាំពុល នៅបន្ទប់ក្នុងផ្ទះសំណាក់ ទើបក្រុមគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ដើម្បីរង់ចាំបន្តតាមនីតិវិធី ។ 

ជនសង្ស័យមានឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ បានធ្វើសកម្មភាពសម្លាប់នារីម្នាក់ ឈ្មោះ ម៉ន ស្រីម៉ីអាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សាកសពត្រូវបានគេប្រទះឃើញ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ៕ (ដោយ ៖ គា សំណាង)

Leave a Reply

Your email address will not be published. Required fields are marked *