ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ៖ ករណីកង់៣បុកគូទឡាន ត្រូវតែផ្ដល់មេរៀនខ្លះ កុំអាងលើកដៃសំពះ និងហៅគ្នីគ្នាមកនិយាយដោយខុសទំនង

ភ្នំពេញ ៖ ករណីម៉ូតូកង់បី បុករថយន្តរបស់ឯកឧត្ដមកាលពីយប់មិញ ត្រូវបានដោះស្រាយបញ្ចប់ ដោយឯកឧត្ដមផ្ដ់ក្ដីសណ្ដោស ឱ្យម្ចាស់កង់បីសងសំណងចំនួន200$ ដោយត្រូវសងរំលោះ១ថ្ងៃ1$ រយៈពេល ២០០ថ្ងៃ ដើម្បី ឱ្យអ្នកបើកបរកង់បីចងចាំក្នុងជីវិតបើកបរត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ គោរពច្បាប់ចរាចរ និងកុំខ្ជីខ្ជារ ។ 

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ ម៉ូតូកង់បីបានជិះលឿនមកបុករថយន្តរបស់ឯកឧត្ដមពីក្រោយ ខណៈកំពុងឈប់ស្ដុប នៅវេលាយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នារាជធានីភ្នំពេញ ខណៈកំពុងធ្វើដំណើរចេញពីកន្លែងបំពេញការងារ នៅស្ថានីយទូរទស្សន៍បាយ័ន បំណងទៅលំនៅដ្ឋាន បង្កការខូចខាតរថយន្តផ្នែកខាងក្រោយ ដែលតាមប៉ាន់ស្មានជួសជុលស្អាត ឡើងវិញ ត្រូវចំណាយប្រហែល៣០០០ទៅ៤០០០ដុល្លារឯណោះ ។ 

ឯកឧត្ដមបានបញ្ជាក់ដែរថា ពេលកើតហេតុភ្លាមៗ ប្រសិនបើអ្នកបើកបរកង់បី ចុះមកនិយាយដោយសីលធម៌ និងការទទួលខុសត្រូវប្រហែលជាអាចពិចារណាអនុគ្រោះ ព្រោះឯកឧត្ដមក៏យល់ពីកត្តាជីវភាពដែរ ប៉ុន្តែបែរជាខលហៅគ្នីគ្នានិងមេមកព្រោងព្រាត ដោយអ្នកខ្លះនិយាយទាំងគ្មានសីលធម៌ គ្មានដឹងខុសត្រូវ ទើបបង្កឱ្យចិត្តទុកសទ្ធាមួយអន្លឺ រួចផ្ដល់នូវមេរៀនខ្លះជូនទៅពួកគាត់ កុំឱ្យធ្វើបែបនេះទៀត ។ 

កន្លងមកឯកឧត្ដមធ្លាប់បានឃើញអ្នកតាមបណ្ដាញសង្គម អ្នកបើកបរកង់បីមួយចំនួន បើកលឿនៗខ្វះសីលធម៌ បង្កគ្រោះថ្នាក់ដល់អ្នកដទៃជាញឹកញាប់ ឡានខ្លះតម្លៃរាប់សិបម៉ឺនដុល្លារក៏មាន រួចគ្មានអ្វីសង បានត្រឹមលើកដៃសំពះសុំទោស ។ ពិតណាស់ការអនុគ្រោះនិងអធ្យាស្រ័យដល់អ្នកទន់ខ្សោយ ប៉ុន្តែយើងអាចលើកលែងតែចំពោះអ្នកបង្កកំហុស ដែលកើតឡើងដោយអចេតនានិងមានសីលធម៌និងចេះទទួលស្គាល់រួចកែប្រែប៉ុណ្ណោះ ទើបមិនបង្កហេតុដល់អ្នកដទៃផ្សេងទៀត  ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *