កណ្ដាល ៖ ជនសង្ស័យ៣នាក់ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹង បង្ហាញមុខនៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៣ពាក់ព័ន្ធករណីជួញដូរ និងផ្សំគំនិតក្នុងអំពើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកក នៅត្រង់ចំណុចមុខផ្សារសៀមរាប ស្ថិតក្នុងភូមិ-ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី១៩ខែមេសាឆ្នាំ២០២៣ វេលាម៉ោង២រំលងអធ្រាត្រ ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ គង់ ជា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអំពៅព្រៃ៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ, ២-ឈ្មោះ សុត សុភក្រ្ត័ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ និង ៣-ឈ្មោះ សុង ហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យក ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក១៣កញ្ចប់(តូច ១២កញ្ចប់ មធ្យម ០១កញ្ចប់), ម៉ូតូចំនួន១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1D-1227 និង ឧបករណ៍ប្រើប្រាស់១ចំនួន។
សមត្ថកិច្ចបន្តថា ដំបូងកម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសៀមរាប និង កម្លាំងប្រជាការពារ បានចេញល្បាតតាមភូមិសាស្រ្តក៏បានឃើញជនសង្ស័យកំពុងតែជិះម៉ូតូតាមផ្លូវ ,ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់សួរនាំ ហើយធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន១៣ កញ្ចប់ ដែលជនសង្ស័យឈ្មោះគង់ ជា បានលាក់ទុកក្នុងមួកដែលខ្លួនពាក់ ,ភ្លាមនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្ត។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ គង់ ជា បានឆ្លើយសារភាពថា «ថ្នាំញៀននោះពិតជារបស់ខ្លួនពិតប្រាដកមែនដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំបឹងឈូក នៅភ្នំពេញ ក្នុងតម្លៃ២៥ ម៉ឺនរៀល(ម្ភៃប្រាំម៉ឺនរៀល)ដើម្បីយកមកលក់បន្ត »។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕(ដោយ ធ្នូជ័យ)