រថយន្តបុកប៉ះជាមួយម៉ូតូ បាត់បង់ជីវិត៣នាក់ នៅស្រុកសំរោងទង

កំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និង ម៉ូតូបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ៣នាក់ កើតឡើងនាថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។


សមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានរថយន្ដ១គ្រឿងម៉ាកFUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B-2238 សណ្ដោងសឺមីរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-0535 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចក្រោយពេលកើតហេតុ) បើកបរពីទិសខាងកើតទៅទិសខាងលិច ។

លុះមកដល់ចំណុចខាងលើ បានបុកប៉ះជាមួយម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1R-1876 អ្នកបើកបរឈ្មោះ ប៉ុន ធឿន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកញ្ចាំ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងឌុបមនុស្ស២ នាក់រួមមាន ទី១-ឈ្មោះ ខឿន ខួច ភេទប្រុស អាយុ១៨ឆ្នាំ និង ទី២-ឈ្មោះ កើត គា ភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិក្របីព្រៃ ឃុំង័ន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាបណ្ដាលឱ្យអ្នកទាំង៣នាក់ខាងលើបាត់បង់ជីវិតនៅកន្លែងកើតហេតុ។ 

ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងកំណត់ហេតុរួច សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងទាំង ២គ្រឿងរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីស្រាវជ្រាវ និង កសាងសំណុំរឿង តាមនីតិវិធី ៕( ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *