មានសាកសពពេញដងផ្លូវ ខណៈមនុស្សរាប់ពាន់នាក់ ភៀសខ្លួនចេញពីទីក្រុងកាទុំ ដែលកំពុងមានជម្លោះ ផ្ទៃក្នុង

បរទេស ៖ មានករណីអ្នកស្រុករាប់ពាន់នាក់ បានភៀសខ្លួនចេញពីរដ្ឋធានីរបស់ស៊ូដង់ ជាទីដែលសាក្សីរាយការណ៍អំពីសាកសពជាច្រើននៅតាមដងផ្លូវ និង ស្ថានទូតនានានិយាយថា «មានជនស៊ីវិលជាង ២៧០ នាក់បាត់បង់ជីវិត នៅក្នុងការប្រយុទ្ធគ្នារវាងកងទ័ពនិងកងជីវពល គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២០មេសា ឆ្នាំ២០២៣ដោយគ្មានសញ្ញានៃទីបញ្ចប់នោះទេ»។

នាង អាឡាវយ៉ា អាល់ តាយ៉េប (Alawya al-Tayeb) អាយុ ៣៣ ឆ្នាំ បាននិយាយនៅតាមផ្លូវរបស់នាងដែលកំពុងចាកចេញពីទីក្រុង យ៉ាងដូច្នេះថា «ជីវិតនៅក្នុងទីក្រុងកាទុំ (Khartoum) គឺមិនអាចទៅរួចទេ ប្រសិនបើសង្រ្គាមមិនបញ្ឈប់នោះ។នាងខ្ញុំ​បាន​ព្យាយាមធ្វើឱ្យកូនៗកុំមើល​ឃើញ​សាកសព​​នៅ​តាម​ដងផ្លូវ ។ កូន​របស់​នាងបានរង​របួសផ្លូវចិត្ត​រួចទៅ​ហើយ ហើយ​​ត្រូវ​ការ​ព្យាបាល»។

ចំណែកកងជីវពលរបស់កងកម្លាំងគាំទ្ររហ័ស (RSF) បាននិយាយថា «ពួកគេនឹង ប្តេជ្ញាចិត្តទាំងស្រុងចំពោះបទឈប់បាញ់ពេញលេញ ចាប់ពីម៉ោង១៦ម៉ោងសកល សម្រាប់រយៈពេល ២៤ ម៉ោងដូចកងទ័ពដែរ»។

ប៉ុន្តែ​សាក្សីនិយាយថា ការ​បាញ់ប្រហារ​បាន​បន្ត​នៅក្នុង​ទីក្រុងកាទុំចាប់ពី​ម៉ោងដែលបាន​កំណត់​រហូត​ដល់​យប់​ថ្ងៃ​ពុធ។វា​ជា​ថ្ងៃ​ទី​ពីរ​ជាប់​គ្នា​ដែល​បទ​ឈប់​បាញ់​សម្រាប់មនុស្សធម៌​ដែល​បាន​ស្នើ​ឡើងត្រូវ​បាន​ខកខានអនុវត្ត។

ឯកងទ័ពស៊ូដង់បាននិយាយថា «ទាហានអេហ្ស៊ីប១៧៧នាក់ ដែលត្រូវបានចាប់ខ្លួនដោយកងជីវពល RSF នៅទីក្រុងមេរ៉ូវី (Merowe) ភាគខាងជើងត្រូវបានជម្លៀសកាលពីថ្ងៃពុធ ត្រឡប់ទៅប្រទេសអេហ្ស៊ីបវិញ ដែលជាសម្ពន្ធមិត្តជិតស្និទ្ធរបស់យោធា តាមយន្តហោះដឹកជញ្ជូនយោធាអេហ្ស៊ីបចំនួនបួនគ្រឿង។

ចំពោះផែនការ​ជម្លៀស​ផ្សេងទៀត ​មាន​ការ​លំបាក​ក្នុង​ការ​រៀបចំ​ ខណៈអ្នកការទូត​បរទេស​ត្រូវ​បាន​វាយប្រហារហើយ​អង្គការសហប្រជាជាតិ​បាន​ទទួល​របាយការណ៍​អំពី​អំពើ​ហិង្សា​ផ្លូវភេទ​ លើ​បុគ្គលិក​ជំនួយនានា។

លោក អង់តូនីញ៉ូ គូថេរ៉េស អគ្គលេខាធិការអ.ស.ប. បានប្រកាសថា លោកនឹងជួបជាមួយប្រធានសហភាពអាហ្រ្វិកសម្ពន្ធអារ៉ាប់ និង ប្លុកតំបន់ ដែលមានឈ្មោះថា អាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍ។ នេះបើតាមអ្នកនាំពាក្យរបស់លោកប្រាប់ទៅអ្នកយកព័ត៌មាន។

ចំណែកអំពើហិង្សានេះបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ រវាងកងកម្លាំងរបស់ឧត្តមសេនីយ៍ពីររូប ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ គឺ ​រវាងមេទ័ព អាប់​ដែល ហ្វាត​តា អាល់​-​បឺ​ហាន ​(Abdel Fattah al-Burhan) និង ​អនុប្រធាន​របស់​ខ្លួន​ដែលជា​មេបញ្ជាការ​កងជីវពល​ដ៏​មាន​ឥទ្ធិពល​RSF​លោក ម៉ូ​ហា​ម៉េដ ហាម​ដាន​ ដាកឡូ​ (Mohamed Hamdan Daglo)៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *