ឃាត់ជនសង្ស័យ២នាក់ ឆក់កាបូបស្ពាយ តាមផ្លូវសាធារណៈ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ចំណោម៣នាក់ ត្រូវបាននគរបាលខណ្ឌដង្កោឃាត់ខ្លួននាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង៨និង៣០នាទីយប់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេច ត្រង់ចំណុចខាងមុខគណបក្សប្រជាជនសង្កាត់ព្រៃស ផ្លូវបេតុង ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ប៊ុត ជីវី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ទីលំនៅភូមិខ្វាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សម្ភារបាត់បង់ ទូរសព្ទដៃម៉ាកJINO ពណ៌ខ្មៅ (ទូរសព្ទចិន) ចំនួន០១គ្រឿង និងលុយខ្មែរចំនួនប្រហែល ៣៧០០០០រៀល (បីសែនប្រាំពីរម៉ឺនរៀល) ។

ចំណែកជនសង្ស័យ២នាក់រួមមាន ទី០១-ឈ្មោះ ជឹម រក្សា ហៅអាជាំ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ និង ទី០២-ឈ្មោះ សេក ចាន់រតនា ហៅអាបឿកភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។ 

វត្ថុតាងចាប់យក ម៉ូតូ២គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JX- 4625 និងម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JW- 5628, បណ្ណព័ត៌មានអង្គភាពគេហទំព័រនគរប៉ុស្តិ៍ធីវីអនឡាញរបស់ឈ្មោះ ជឹម រក្សា មួយ ,កាបូបស្ពាយពណ៌ត្នោតជារបស់ជនរងគ្រោះមួយ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីយប់ ជនរងគ្រោះឈ្មោះ ប៊ុត ជីវីភេទប្រុស អាយុ៤៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខសណ្តោងកន្ទុយរ៉ឺម៉ក (ម៉ូតូកង់បីចាស់) ឌុបប្រពន្ធ ឈ្មោះ គឹម ចាន់រតនា ភេទស្រី អាយុ៤១ឆ្នាំ ចេញពីផ្ទះម្តាយបង្កើតនៅភូមិព្រៃល្ងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ត្រឡប់មកផ្ទះស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយជនរងគ្រោះបានស្ពាយកាបូបពណ៌ត្នោតពាក់ឆៀងទៅខាងមុខ។

ពេលជនរងគ្រោះធ្វើដំណើរតាម ផ្លូវបេតុងព្រៃស ពីលិចទៅកើត ដល់ចំណុចខាងមុខគណបក្សប្រជាជនសង្កាត់ព្រៃសស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃសក៏មានជនសង្ស័យ ៣នាក់ ជិះម៉ូតូ០៣គ្រឿងមកអែបខាងស្តាំដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ ជឹម រក្សា ហៅអាជាំ បានធ្វើសកម្មភាពឆក់ យកកាបូបស្ពាយ របស់ជនរងគ្រោះបាន សម្រេចរួចនាំគ្នាជិះគេចខ្លួន ទៅទិសខាងកើត ។ 

ជនរងគ្រោះក៏បានបើកម៉ូតូរ៉ឺម៉កដេញតាមពីក្រោយនិងស្រែកថាចោរៗ រួចក៏មានកម្លាំងនគរបាលខណ្ឌដង្កោ ដែលជិះម៉ូតូល្បាតតាមផ្លូវបានឃើញហេតុការណ៍ខាងលើក៏ជួយ អន្តរាគមន៍ដេញតាមពីក្រោយ រហូតដល់ផ្លូវលំ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ក៏ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ឈ្មោះ ជឹម រក្សា ហៅអាជាំ និងឈ្មោះ សេក ចាន់រតនា ហៅអាបឿក ដកហូតម៉ូតូ២គ្រឿង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យឈ្មោះ ដា បានបើកម៉ូតូម៉ាកស្កូបពីគេចខ្លួនបាត់ ។ 

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា «ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយដាក់ ទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន» រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ខាងលើ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *