ជួយរកម្ចាស់ឡានផង ! បុកសិស្សទើបចេញពីរៀន ស្លាប់ម្នាក់របួសម្នាក់នៅកំពត

កំពត ៖ យុវតីម្នាក់បានបាត់បង់ជីវិត និងយុវតីម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍រថយន្តទំនើប បុកម៉ូតូ២គ្រឿងពីក្រោយ វេលាម៉ោងប្រមាណ៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧–៨ខាងកើតសាលាស្រុកទឹកឈូប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។ 

យុវតីរងគ្រោះដែលបាត់បង់ជីវិតមាន ឈ្មោះ ឡេង គឹមហ៊ាន់ អាយុ១៦ឆ្នាំ មានទីលំនៅភូមិ ត្រពាំងធំ ឃុំត្រពាំងសង្កែ និង ឈ្មោះឈីវ នី ភេទស្រី អាយុ១៦ឆ្នាំ បានរងរបួស ឯអ្នកបើកបររថយន្ត បានបើករត់គេច បានប្រហែល៣គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ទើបឈប់រត់រថយន្តចោល ចុះគេចខ្លួនបាត់ ដោយសារដឹងសមត្ថកិច្ចនិងពលរដ្ឋដេញតាមពីក្រោយរថយន្ត ។ តែទោះជាយ៉ាងណាអ្នកបើកបររថយន្ត ត្រូវបានគេបង្ហើបឱ្យដឹងថា គេស្គាល់ម្ចាស់រថយន្តនេះច្បាស់ ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ប្រចាំស្រុកទឹកឈូ និងមានសាច់ញាតិដ៏មានឥទ្ធិពល ។ រថយន្តបង្កម៉ាឡិចស៊ីស៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6989 ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ  ក្រុមរងគ្រោះជិះម៉ូតូ២គ្រឿង ទើបចេញពីសាលារៀន បំណងឆ្ពោះទៅលំនៅដ្ឋានដោយធ្វើដំណើរ ក្នុងទិសដៅពីខាងលិចទៅខាងកើត ខណៈនោះរថយន្តលុចស៊ីស៥៧០ បានមកពីក្រោយយ៉ាងលឿន ជ្រុលបុកម៉ូតូពីក្រោយតែម្ដង ។ ភ្លាមៗអ្នកភូមិចូលទៅជួយ និងហៅឡានពេទ្យយកជនរងគ្រោះម្នាក់ទៅសង្គ្រោះ តែជាអកុសលជនរងបានផុតដង្ហើម ឯម្នាក់ទៀតរងរបួសស្រាល ។ 

តាមការបញ្ជាក់ពីប្រភពខ្លះបានបង្ហើបថា ម្ចាស់រថយន្តអាងមានប្រាក់ អាងស្គាល់អ្នកមានអំណាច មិនដឹងជាក្រុមគ្រួសាររងគ្រោះទទួលបានយុត្តិធម៌ឬសំណងក្នុងកម្រិតណានោះទេ ? ។ តែទោះជាយ៉ាងណា ចាំមើលម្ចាស់ឡានចូលដោះស្រាយចំពោះមុខច្បាប់និងចំពោះមុខក្រុមគ្រួសាររងគ្រោះសិន ទើបដឹងលទ្ធផល តើយុត្តិធម៌ឬមិនយុត្តិធម៌  ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *