ហេតុការណ៍បាក់អគារចំណតរថយន្តក្នុងក្រុងញូវយ៉ក បាត់បង់ជីវិតម្នាក់និងរបួស៥

បរទេស ៖ អគារចំណតរថយន្តមួយបានដួលរលំកាលពីថ្ងៃអង្គារទី១៨ ខែមេសាឆ្នាំ២០២៣ នៅក្នុងសង្កាត់ហិរញ្ញវត្ថុម៉ាហាថែន (Manhattan) បណ្តាលឱ្យបុគ្គលិកម្នាក់បាត់បង់ជីវិត និងរបួស៥នាក់ និងរថយន្តជាច្រើនត្រូវខូចខ្ទេចខ្ទីខណៈជាន់លើបេតុងបានដួលរលំត្រួតលើគ្នា ។ នេះបើយោងតាមក្រុមមន្ត្រីមូលដ្ឋាននិយាយក្រុមអ្នកព័ត៌មាន ។

ហេតុការណ៍ខាងលើនេះ បណ្តាលឱ្យរថយន្ត​បាន​ធ្លាក់​គរលើគ្នាដូច​ស្ទឹងទឹកកកនៃ​រថយន្ត​ស៊េរី​ទំនើបនិង​រថយន្ត SUV ហើយមនុស្សនៅក្បែរនោះបានពណ៌នាអំពីសំឡេងញ័ររញ្ជួយគួរឱ្យភ័យខ្លាចអមដោយសម្រែករបស់មនុស្ស។

លោក អាម៉េត ស្កុត (Ahmed Scott) បានមកដល់ដើម្បីយករថយន្តរបស់គាត់បន្ទាប់ពីចេញពីធ្វើការ ហើយបានប្រទះឃើញគ្រោះមហន្តរាយកើតឡើងនៅនឹងមុខលោក។

នៅក្នុង​វីដេអូ​ដែល​គាត់​ថត​ពី​ម្ខាងទៀតនៃផ្លូវ មានមនុស្សម្នាក់នៅពីក្រោយ​កាមេរ៉ាបាន​ស្រែក​ថា «ឆ្មាំយាម! ៩១១! ៩១១! មាន​អគារ​មួយ​បាក់​នៅ​ផ្លូវអាន (Ann)»ដែលអម​ដោយ​សំឡេង​​បាក់អគារគ្រាំងៗ ។ ប្រហែល ៤៥ វិនាទីក្រោយមក ស្ត្រីពីរនាក់បានរត់ចេញមកក្រៅ ដោយនិយាយថា «អគារនេះកំពុងដួលរលំហើយខណៈពួកនាងបានស្ថិតនៅខាងក្នុងនោះ»។ 

បុរស​ម្នាក់​ឈរ​លើចម្រឹងគេចពីអគ្គិភ័យ ខណៈ​អ្នក​ឈរ​មើលព្យាយាម​រក​វិធី​ជួយ​គាត់​ចុះមកក្រោម។ លោកស្កុតបាននិយាយថា«នៅទីបំផុតគាត់អាចចុះមកក្រោមបាន។ ខ្ញុំសង្ឃឹមថាគ្មាននរណាម្នាក់ស្ថិតនៅទីនោះដោយបារម្ភពីសុខទុក្ខបុគ្គលិកដែលគាត់ស្គាល់នៅទីនោះ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *