បញ្ឈរជើងមន្រ្តីចរាចរ៣នាក់ ស្ដុបបៃតងសោះក៏ហៅឡានគេផាក រួចសុំសម្រួលកាហ្វេ២ម៉ឺនរៀល

ភ្នំពេញ ៖ ក្រោយពីមានវីដេអូ បង្ហាញពីសកម្មភាពនគរបាលចរាចរ ហៅផាកនៅពេលភ្លើងខៀវ តែផាកមិនបានក៏សុំសម្រួលលុយ២ម៉ឺនរៀលផឹកកាហ្វេ នៅចំណុចគោលដៅស្ដុបស្ពានអាកាស ៥មករា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ឥឡូវត្រូវបានស្នងការភ្នំពេញ ស្រាវជ្រាវរកឃើញកំហុសហើយ និងដកបញ្ឈរជើងមន្ត្រីទាំង៣នោះ ។ 

តាមព័ត៌មានបានបង្ហាញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សស្នងការភ្នំពេញ បានបង្ហាញទាក់ទងទៅនឹងមន្ត្រី៣រូប ដែលបានឃាត់ហៅរថយន្ត មិនបានត្រឹមត្រូវ នៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ។ 

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាន ផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅ មន្ត្រីចរាចរណ៍ នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង០៣រូបបានសារភាពកំហុសនិងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតង ពិតប្រាកដមែន ។

ដូច្នោះមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់ ។ 

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *