ប៉ូលិសអាមេរិកចាប់ខ្លួនមនុស្ស២នាក់ ដែលបើកប៉ុស្តិ៍ប៉ូលិសចិន ក្នុងទីក្រុងញូវយ៉ក

បរទេស ៖ ប៉ូលិសអាមេរិកបានចាប់ខ្លួនបុរសពីរនាក់កាលពីថ្ងៃចន្ទទី១៧មេសាឆ្នាំ២០២៣ ពីបទចោទប្រកាន់ថាបានបង្កើត «ប៉ុស្តិ៍ប៉ូលិសចិន»នៅក្នុងទីក្រុងញូវយ៉ក និង បានចោទប្រកាន់មន្ត្រីសន្តិសុខចិន រាប់សិបនាក់ជុំវិញយុទ្ធនាការតាមដាននិងបៀតបៀនអ្នកប្រឆាំង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

លោក ប្រេអូន ភីស (Breon Peace) រដ្ឋអាជ្ញាសហព័ន្ធកំពូលនៅសង្កាត់ប្រូកឃ្លីន (Brooklyn) បាននិយាយថា«ការចាប់ខ្លួនលោក ហារី លូ ជៀនវ៉ាង (Harry Lu Jianwang) អាយុ ៦១ ឆ្នាំ និង លោក ចិន ជីនពីង (Chen Jinping) អាយុ ៥៩ ឆ្នាំ គឺជាការចាប់ខ្លួនលើកដំបូងនៅក្នុងពិភពលោក ជុំវិញយុទ្ធនាការសង្ស័យរបស់ចិន ក្នុងការបង្កើតប៉ុស្តិ៍ប៉ូលិស លួចលាក់នៅក្នុងប្រទេសជុំវិញពិភពលោក។

យោងតាមលោកភីស បុរសទាំងពីរនាក់នេះ បានបង្កើតការិយាល័យនៅឆាយណាថោន (Chinatown) នៃសង្កាត់ម៉ាហាថែន (Manhattan) កាលពីឆ្នាំមុនតាមបញ្ជាក្រសួងសន្តិសុខសាធារណៈ (MPS) ពោលជាកងកម្លាំងប៉ូលិសជាតិរបស់ចិន ដែលទំនងជាផ្តល់សេវាកម្ម ដូចជាការបន្តបណ្ណបើកបរ របស់ចិនជាដើម។ ប៉ុន្តែតាមពិតទៅក្រុមមន្ត្រីអាមេរិកនិយាយថា ការងារចម្បងរបស់ពួកគេគឺជួយតាមដាននិងយាយីអ្នកប្រឆាំងដែលរត់គេចខ្លួនពីសាធារណរដ្ឋប្រជាមានិតចិន។

លោក ដេវីត ញូវមែន (David Newman) ជំនួយការរងរបស់អគ្គរដ្ឋអាជ្ញារសម្រាប់សន្តិសុខជាតិនៃក្រសួងយុត្តិធម៌បាននិយាយថា «MPS បានបង្កើតអគារប៉ុស្តិ៍ប៉ូលិសលួចលាក់មួយ ក្នុងទីក្រុងញូវយ៉ក ដើម្បីតាមដាននិងបំភិតបំភ័យអ្នកប្រឆាំង និងអ្នករិះគន់លើប្រទេសចិននៅក្នុងសហគមន៍ជនភៀសខ្លួន ដ៏រស់រវើកបំផុតរបស់សហរដ្ឋអាម៉េរិក»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *