បាត់បង់ជីវិតមនុស្ស៤នាក់ និងរងរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូឈប់នៅចិញ្ចើមផ្លូវបម្រុងឆ្លងថ្នល់

ពោធិ៍សាត់ ៖ មនុស្ស៤នាក់បានបាត់បង់ជីវិត និងរងរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូឈប់នៅចិញ្ចើមផ្លូវបម្រុងឆ្លងថ្នល់ កើតឡើងកាលពីថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨និង៥៨នាទីយប់ នៅលើផ្លូវជាតិលេខ៥ (ផ្លូវកោង) ចន្លោះគីឡូម៉ែត្រ១៥៤-១៥៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្ក ម៉ាក MG RX5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NARY7170 ធ្វើចរាចរណ៍ពីកើតទៅលិច ដែលបើកបរដោយឈ្មោះ ញិល ឆេងកុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុងសង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ (មិនរងរបួសត្រូវបានឃាត់ខ្លួន)។

ចំណែកភាគីម៉ូតូរងគ្រោះម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1W-3374 ធ្វើចរាចរណ៍ពីជើងទៅត្បូងទិសដៅទៅកើត ដែលបើកបរដោយឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់)។ អ្នករួមដំណើរទី១-ឈ្មោះ សុខ គីមឡាង ភេទស្រី អាយុ៣៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវជាប្រពន្ធ (ស្លាប់ទាំងកូនក្នុងផ្ទៃ),អ្នករួមដំណើរទី២-ឈ្មោះ ណាប៊ិន យ៉ា ភេទស្រី អាយុ៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវជាកូន (ស្លាប់)និងអ្នករួមដំណើរទី៣-ឈ្មោះ ណាប៊ិន កេតភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា ត្រូវជាកូន (រងរបួសធ្ងន់)។

យោងតាមនិទ្ទេសរបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៦ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង៩និង២១ នាទីយប់ បានបញ្ជាតាមទូរសព្ទឱ្យកំណត់ហេតុប្រគល់និងទទួលសពឱ្យយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ 

ចំណែកវត្ថុតាងបានប្រគល់រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ដោះស្រាយនៅពេលក្រោយ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *