ខ្មាន់កាំភ្លើងបន្លំជាអ្នកកាសែត បាញ់ប្រហារ អតីតសមាជិកសភាឥណ្ឌានិងប្អូនប្រុសស្លាប់ ខណៈកំពុងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍

បរទេស ៖ ក្រុមសមត្ថកិច្ចក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យទី១៦មេសា ឆ្នាំ ២០២៣ថា អតីតសមាជិកសភាឥណ្ឌាម្នាក់ ដែលត្រូវបានផ្តន្ទាទោសពីបទចាប់ពង្រត់ និង ប្រឈមមុខនឹងការចោទប្រកាន់ពីបទមនុស្សឃាតនិងបំពារបំពានរាងកាយនោះ ត្រូវបានបាញ់សម្លាប់រួមជាមួយនឹងប្អូនប្រុសរបស់គាត់នៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលថតជាប់កំពុងផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍នៅភាគខាងជើងប្រទេសឥណ្ឌា។

លោក អាទីក អាម៉ាត (Atiq Ahmad) និង ប្អូនប្រុសគាត់ឈ្មោះ អាស្រាហ្វ (Ashraf) ដែលកំពុងត្រូវបានអមដំណើរដោយហ្វូងប៉ូលិសនៅពេលធ្វើដំណើរទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយកាលពីយប់ថ្ងៃសៅរ៍ ខណៈបុរសបីនាក់ដែលបន្លំខ្លួនជាអ្នកកាសែត បានតម្រង់កាំភ្លើងលើបងប្អូនពីរនាក់ ក្នុងចម្ងាយដ៏កៀកនៅក្នុងទីក្រុងប្រាយ៉ាក្រាច(Prayagraj) ក្នុងរដ្ឋអ៊ូតថាប្រាដេស (Uttar Pradesh) ។

បុរសជាខ្មាន់កាំភ្លើងទាំងនោះ បានប្រគល់ខ្លួនឱ្យប៉ូលិសភ្លាមៗ បន្ទាប់ពីការបាញ់ប្រហារ ដោយម្នាក់ក្នុងចំណោមនោះបានស្រែកថា «Jai Shri Ram»ឬ «សូមគោរពព្រះអាទិទេពរ៉ាម» ជាពាក្យស្លោកដែលបានក្លាយជាការស្រែកតស៊ូសម្រាប់អ្នកជាតិនិយមហិណ្ឌូ ក្នុងយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងជនមូស្លីម។

រដ្ឋអ៊ូតថាប្រាដេស ត្រូវបានគ្រប់គ្រងដោយគណបក្សជាតិនិយមហិណ្ឌូ បាទីយ៉ាចាណាតា (Bhartiya Janata) ដែលជាគណបក្សកាន់អំណាចរបស់ឥណ្ឌា ចាប់តាំងពីឆ្នាំ ២០១៧។ តាំងពីពេលនោះមក មនុស្សជាង ១៨០ នាក់ ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋនៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតរបស់ឥណ្ឌាមួយនេះ ត្រូវបានសម្លាប់នៅក្នុងអ្វីដែលគេហៅថា «ការពើបប្រទះជាមួយប៉ូលិស» ដែលក្រុមសិទ្ធិមនុស្សនិយាយថាជារឿយៗគឺជាការសម្លាប់ក្រៅប្រព័ន្ធតុលាការ។ 

បន្ទាប់ពីការបាញ់ប្រហារកាលពីថ្ងៃសៅរ៍ អាជ្ញាធរបានដាក់បម្រាមលើការប្រមូលផ្តុំមនុស្សលើសពីបួននាក់នៅទូទាំងរដ្ឋ ហើយថែមទាំងបានកាត់ផ្តាច់ការប្រើប្រាស់អ៊ីនធឺណិត នៅលើទូរស័ព្ទដៃនៅក្នុងទីក្រុងប្រាយ៉ាក្រាចផងដែរ។រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេតយុត្តិធម៌​ដែល​ដឹកនាំ​ដោយ​ចៅក្រម​ចូល​និវត្តន៍មួយរូបផងដែរ។

ចំណែកមន្ត្រីប៉ូលិសឈ្មោះ រ៉ាមីត សាម៉ា (Ramit Sharma) បាននិយាយថា «ជនដៃដល់ទាំងបីនាក់បានជិះម៉ូតូមកដល់ដោយបន្លំធ្វើជាអ្នកកាសែត»។ លោកបាននិយាយថា «ពួកគេបានចូលទៅកៀកលោកអាទីកនិងប្អូនប្រុសរបស់គាត់ដោយធ្វើពុតជាថតរូប ហើយបានបាញ់ទៅលើពួកគេពីចម្ងាយកៀកបំផុត។ អ្នកទាំងពីរនាក់បានរងរបួសដោយគ្រាប់កាំភ្លើងចំក្បាល។ រឿង​ទាំងអស់​នេះបាន​កើត​ឡើង​ក្នុងពេលតែប៉ុន្មាន​វិនាទីប៉ុណ្ណោះ»៕(ប្រែសម្រួលដោយលោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *