ក្រឡាប់រថយន្តដឹកឆាកតន្ត្រី បាត់បង់ជីវិតម្នាក់, របួសធ្ងន់ស្រាល១២នាក់

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកមនុស្សប្រុសស្រី១២នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកឆាកតន្ត្រី​ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ កែងផ្លូវបេតុងវត្តជន្លង់ម្លូ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា​ រថយន្តជួបគ្រោះថ្នាក់ខាងលើ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3C-1335 ជារថយន្តក្រុមតន្ត្រីសម័យ យីហោ«តាទ្រីយាយឡី»មានទីលំនៅ ក្នុងភូមិស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ បើកបរដោយឈ្មោះ ទ្រល ក្រឹម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបរនិងសិល្បៈករ ជាកូនរបស់តាទ្រីយាយឡី ថៅកែតន្ត្រី ។

ប្រភពបន្តថា មុនកើតហេតុ រថយន្តក្រុមតន្ត្រីខាងលើ បានវិលត្រឡប់មកពីកម្មវិធីនៅឯខេត្តព្រៃវែង ធ្វើដំណើរឆ្ពោះទៅផ្ទះនៅឯស្រុកបាទីវិញ ដោយបើកកាត់តាមផ្លូវ៦០ម៉ែត្រ ពីជើងទៅត្បូងក្នុងល្បឿនលឿន ,លុះមកដល់ចំណុចកើតហេតុ ក៏បានគេចពីម៉ូតូដែលបើកតាមផ្លូវវត្តជន្លង់ម្លូ ក៏រេចង្កូតទាញក្រឡាប់ អូសចម្ងាយជាង៣០ម៉ែត្រ បណ្តាលឱ្យមនុស្ស១៣នាក់ ជិះលើរថយន្តបាត់បង់ជីវិតស្ត្រីម្នាក់ ឈ្មោះ ស្រី កា អាយុ២១ឆ្នាំ ជាអ្នករាំច្រៀង និងរបួសធ្ងន់៨នាក់,ស្រាល៤នាក់ ក្នុងនោះថៅកែតន្ត្រីរបួសស្រាល ។

ក្រោយកើតហេតុភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ចំនួន៦គ្រឿង មានរថយន្តសង្គ្រោះ រថយន្តបាញ់ភ្លើង ចេញទៅជួយអន្តរាគមន៍ ដឹកជនរងគ្រោះ១១នាក់ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ចំណែកជនរងគ្រោះរបួសស្រាល២នាក់ ឈ្មោះ ទ្រល ឃឿន ភេទប្រុស អាយុ៣៧ ឆ្នាំ និងឈ្មោះ គៀន ថា ភេទប្រុស អាយុ៣១ឆ្នាំ នៅប្រមូលសម្ភារចាំនៅកន្លែងកើតហេតុ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកក្រុមតន្ត្រីមួយគ្រួសារខាងលើ សមត្ថកិច្ចបានចុះទៅជួយធ្វើអន្តរាគមន៍សម្រួលចរាចរណ៍រួចហៅរថយន្តស្ទូចលើកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕(ដោយ ៖ BBN19)

Leave a Reply

Your email address will not be published. Required fields are marked *