ផ្ទុះការរិះគន់ថ្លៃផ្ញើរម៉ូតូ នៅសង្ក្រាន្តរមណីយដ្ឋានវត្តភ្នំ ថ្លៃហើយ បាត់មិនសង , អាជ្ញាធរខណ្ឌបញ្ជាក់ថាតែ១០០០រៀលប៉ុណ្ណោះ បាត់ត្រូវតែសង

ភ្នំពេញ ៖ បន្ទាប់មានប្រជាពលរដ្ឋរាប់លាននាក់ សាទរចំពោះចំណាត់ការ របស់សម្ដេចនាយរដ្ឋមន្ត្រីទៅលើ ការបញ្ជាឱ្យអភិបាលខេត្តកំពត បញ្ឈប់ជាបន្ទាន់ចំពោះទង្វើឆោតល្ងង់ ដែលយកលុយពីពលរដ្ឋចូលលេង ខេត្តខ្លួននោះ ក៏ស្រាប់តែផ្ទុះការរិះគន់មួយទៀត នៅរាជធានីភ្នំពេញ ។ 

ពលរដ្ឋម្នាក់បានថតសំបុត្រផ្ញើរម៉ូតូ នៅកន្លែងកម្សាន្តសង្ក្រាន្តវត្តភ្នំ ថ្លៃម៉ូតូ១គ្រឿង៥០០០រៀល មធ្យមងំបាត់ហើយមិនទទួលខុសត្រូវ។ សូមអាជ្ញាធរចុះត្រួតពិនិត្យផង នៅកន្លែងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ។ 

បន្ទាប់ពីមានសំណូមពរនេះ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី១៥ ខែមេសា ក៏បានដឹកនាំកូនចៅចុះទៅពិនិត្យនឹងបញ្ជាក់ ក្នុងលិខិតថា« បងប្អូនសាធារណៈជនដែលមកលេងកម្សាន្តសប្បាយ “សង្រ្កាន្តវត្តភ្នំ” នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មេត្តាជ្រាបថា÷ ១-ចំពោះចំណតម៉ូតូគឺ ១,០០០រៀលមួយគ្រឿង និងរថយន្តមានតម្លៃ ២,០០០រៀល ប៉ុណ្តោះក្នុងមួយគ្រឿង។ ២-រាល់ការបាត់បង់ និងខូចខាតដែលបានផ្ញើរនៅចំណតរបស់ខ្លួន ម្ចាស់ចំណតត្រូវទទួលខុសត្រូវទាំងស្រុង។ ៣-បើក្នុងករណីមានទីតាំងផ្ញើម៉ូតូណាមួយយកលើសពីតម្លៃដែលបានកំណត់ សូមបងប្អូនប្រជាពលរដ្ឋ Comment ចូលក្នុង Page របស់រដ្ឋបាលខណ្ឌដូនពេញ ឬទំនាក់ទំនងទូរសព្ទលេខ ០១៧ ៨៨៤ ៨៨៨/០១១ ៣៧៧ ៦៦៦ ដើម្បីយើងមានវិធានការជាបន្ទាន់ ។ 

សូមរំលឹកផងដែរថា កាលពីកន្លងទៅក៏ធ្លាប់មានការរិះគន់ជាច្រើនករណីដែរ ចំពោះតម្លៃផ្ញើរម៉ូតូ នៅក្នុងឱកាសបុណ្យទានម្ដងៗជាពិសេសនៅរដូវបុណ្យអ៊ុំទុក ម៉ូតូខ្លះគេយក១០០០០រៀល ទៅ១៥០០០រៀល តែការរិះគន់និងការត្អូញត្អែរ មិនសូវមានអ្នកចាប់អារម្មណ៍ដោះស្រាយនោះទេ ។ និយាយរួម ភាពមិនច្បាស់លាស់ ទាំងសំបុត្រ ទាំងតម្លៃ ទាំងអ្នកទទួលខសត្រូវ ៕ ដោយ ៖ គាសំណាង 

Leave a Reply

Your email address will not be published. Required fields are marked *