ចោរប្រើល្បិចថ្មីងាយៗ យកទួណឺវីសដោះកញ្ចក់ទ្វារ រួចលូកដោះគន្លឹះលួចយកទូដែកទៅបាត់

ភ្នំពេញ ៖ សូមបងប្អូនប្រុងប្រយ័ត្ន ពួកចោរប្រើល្បិចថ្មីងាយៗ យកទួណឺវីសដោះកញ្ចក់ទ្វារ រួចលូកដោះគន្លឹះលួចយកទូដែកទៅបាត់ ដែលមានទ្រព្យសម្បត្តិនិងឯកសារសំខាន់ៗ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្នាក់កាលពីថ្ងៃទី១៣មេសាឆ្នាំ២០២៣ ចោទពីបទ«លួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ»នៅចំណុចផ្ទះលេខ១២៣ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ លី ឆាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ វន ខ្ញិច ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ រយៈពេល០៣ឆ្នាំ ក្នុងឆ្នាំ២០១៩ ពីបទ«លួចមានស្ថានទម្ងន់ទោស»។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី ១២មេសាឆ្នាំ២០២៣ ម៉ោង ០៣និង៣០នាទីទៀបភ្លឺ។ជនរងគ្រោះ ចាក់សោទ្វារផ្ទះ ដោយទុកកូនសោជាប់នឹងទ្វាររួចចូលដេក ,ស្រាប់តែជនសង្ស័យយកទួណឺវីសឆ្គឹះស៊ុមទ្វារកញ្ចក់ផ្ទះជនរងគ្រោះ រួចលូកដៃបើកសោទ្វារ ចូលលួចទ្រព្យសម្បត្តិរួមមាន ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក iPhone ១១ ពណ៌ស , ទូដែក០១ ដែលក្នុងទូដែកមាន ក្រវិលប្លាទីន ០១គូ,ចិញ្ជៀប្លាទីន០១វង្ស,អត្តសញ្ញាណ  បណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, បណ្ណបើកបររថយន្ត០១សន្លឹក និងឯកសារ មួយចំនួនគេចខ្លួនយកទូរស័ព្ទដៃទៅលក់ឲ្យគេបានប្រាក់២០០ដុល្លារ ស៊ីចាយអស់។ 

លុះដល់ថ្ងៃទី១៣មេសាឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទីរសៀល សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សាកសួរ។ ចំពោះទូដែកនិងឯកសារផ្សេងៗ ជនសង្ស័យបោះចោលក្នុងព្រៃបាត់៕ (ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *