ឆក់ទូរសព្ទដៃតាមផ្លូវបានសម្រេច,តែរត់មិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ឆក់ទូរសព្ទ នៅមុខផ្ទះគ្មានលេខផ្លូវបេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី ១២មេសាឆ្នាំ២០២៣ វេលាម៉ោង២និង២០នាទីរសៀល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ រាជ ណាវី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ទិត រដ្ឋាភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងដោយទុកទូរសព្ទដៃ ០១គ្រឿង ម៉ាក iPhone១៣ Pro-Max ពណ៌ខៀវ ក្នុងឃ្លុបម៉ូតូ , ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ទិត រដ្ឋា និងឈ្មោះ ជិន ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BA-3460មកពីក្រោយអែប ខាងស្តាំធ្វើសកម្មភាពឆក់ទូរសព្ទជនរងគ្រោះបានសម្រេចជិះគេចខ្លួនបានបន្តិច ពេលនោះជនរងគ្រោះក៏ស្រែកចោរៗ ។

ភ្លាមៗនោះក៏មានសមត្ថកិច្ចល្បាតក្បែរនោះជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ទិត រដ្ឋា រួមនឹងវត្ថុតាងម៉ូតូ ០១គ្រឿង ដែលជិះធ្វើសកម្មភាពនិងទូរសព្ទដៃ ០១គ្រឿង ជារបស់ជនរងគ្រោះ រួចបញ្ជូនមកទីស្នាក់ការប៉ុស្ដិ៍និរោធសាកសួរ។ ចំណែកឈ្មោះ ជិន គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្នារអំពៅចាត់ការបន្តតាមនីតិវិធីច្បាប់៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *