ឆេះកន្លែងលក់ប្រេងសាំងខ្នាតតូច ស្លាប់បុរសម្នាក់នៅស្វាយរៀង

ស្វាយរៀង ៖ បុរសម្នាក់បានបាត់បង់ជីវិត ក្នុងគ្រោះអគ្គីភ័យឆាបឆេះ ទីតាំងកន្លែងលក់ប្រេងសាំងខ្នាតតូច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ 

សមត្ថកិច្ចឱ្យដឹងថា ទីតាំងខាងលើជាឃ្លាំងប្រេងសាំង ទំហំ៤ម៉ែត្រ គុណនឹង១២ម៉ែត្រ សង់អំពីដែកប្រក់ស័ង្ហសី មានម្ចាស់ឈ្មោះជា ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ បានស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ។

ទីតាំងខាងលើបានឆេះទាំងស្រុង និងខូចខាតម៉ាស៊ីនចាក់សាំង ០១គ្រឿង, សាំង៥០កាន និងសម្ភារៈមួយចំនួនទៀត ដោយសារមូលហេតុ ទុសេខ្សែភ្លើងបង្កជាអគ្គីភ័យឆាបឆេះ ។ គ្រោះអគ្គីភ័យបានឆាបឆេះយ៉ាងលឿន ដោយសារប្រេងសាំង មិនអាចឱ្យសាច់ញាតិនិងពលរដ្ឋ ចូលជួយជនរងគ្រោះបាននោះឡើយ ហើយពលរដ្ឋបាននាំគ្នាជួយពន្លត់ ជាមួយនិងការចុះអន្តរាគមន៍របស់សមត្ថកិច្ច ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ជួយពន្លត់ជាស្ថាពរ នៅវេលាម៉ោង៩យប់ថ្ងៃដដែល ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *