សម្ដេចតេជោសែន បញ្ចប់តំណែង បែល វ៉ាន់ដែត ជាមួយសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាច និងកុំប្រើប្រាស់អាវុធខុសច្បាប់

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រោយអាងមានអំណាច ប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ ។ 

សម្ដេចតេជោក៏បានបង្ហាញសារដែរថា « បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន ។អាងមានអំណាច ប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ។ នេះជាសារព្រមានចំពោះមន្ត្រី ទាំងអស់សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយជាពិសេស សូមកុំប្រើប្រាស់អាវុធខុសច្បាប់។ សូមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការសូមកុំឲ្យជនល្មើស ប្រើប្រាស់អាវុធខុសច្បាប់ បាននៅក្រៅឃុំ មុនពេលកាត់ទោស ដែលជននោះអាច តាមគំរាមកំហែងដល់អ្នកផ្សេងទៀត» ។ 

សូមរំលឹកផងដែរថា សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជូនសំណុំរឿង និងជនសង្ស័យ បែល វ៉ាន់ដែត មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងភ្ជង់គំរាមអ្នកដទៃ ។ 

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ តំណាងអយ្យការ បានសម្រេចចោទប្រកាន់ លើជនសង្ស័យ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញត និងបទគំរាមកំហែងថានឹងសម្លាប់ ។ បន្ទាប់មកនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនជនសង្ស័យនោះទេ គ្រាន់តែដាក់ឱ្យស្ថិតក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ ។ 

ដើមហេតុនៃសាច់រឿង បែល វ៉ាន់ដែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ បន្ទាប់ពីធ្វើសកម្មភាព ដកកាំភ្លើងខ្លី ( អត់ច្បាប់ ) ភ្ជង់គំរាមបុរសម្នាក់ឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស  អាយុ២៣ឆ្នាំ ជានិស្សិត នៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបុរីជីបម៉ុង៥៩៨ ផ្លូវP04 សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រោះខឹងជនរងគ្រោះស៊ីផ្លេរ ។ 

ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199 នៅវេលាម៉ោង១០យប់ ថ្ងៃខែដដែល ពោលក្រោយកើតហេតុជាង១ម៉ោង ៕ ដោយ ៖ គា សំណាង

Leave a Reply

Your email address will not be published. Required fields are marked *